ចៅហ្វាយ 4

4
លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់
1ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។ 2ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន ដែល​គង់​នៅ​ក្រុង​ហា‌សោរ។ មេ‌ទ័ព​របស់​ស្ដេច​ឈ្មោះ​ស៊ី‌សេ‌រ៉ា រស់​នៅ​ក្រុង​ហារ៉ូ‌សេត‌កូយឹម។ 3ព្រះ‌បាទ​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
4នៅ​ជំនាន់​នោះ លោក​ស្រី​ដេបូរ៉ា ជា​ព្យាកា‌រិនី និង​ជា​ភរិយា​របស់​លោក​ឡាពី‌ដូត បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល។ 5លោក​ស្រី​ដេបូរ៉ា​តែង​កាត់​ក្ដី​នៅ​ក្រោម​ដើម​លម៉ើ ដែល​ក្រោយ​មក​គេ​ហៅ​ថា​លម៉ើ​របស់​លោក​ស្រី​ដេបូរ៉ា ស្ថិត​នៅ​ចន្លោះ​ភូមិ​រ៉ាម៉ា និង​បេត‌អែល ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ជន‌ជាតិ​អ៊ីស្រា‌អែល​តែងតែ​ឡើង​ទៅ​រក​លោក​ស្រី​ដេបូរ៉ា ឲ្យ​ជំនុំ​ជម្រះ​រឿងរ៉ាវ​របស់​ពួក​គេ។ 6ថ្ងៃ​មួយ លោក​ស្រី​ដេបូរ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថាលី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​លោក​ដូច​ត​ទៅ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​សាប់យូ‌ឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។ 7យើង​នឹង​ទាក់‌ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្ដេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​គេ ឲ្យ​មក​ច្បាំង​នឹង​អ្នក​នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក”»។ 8លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។ 9លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចម្បាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។ 10នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​ណែប‌ថាលី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​លោក ហើយ​លោក​ស្រី​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។
11លោក​ហេប៊ើរ ជា​ជន‌ជាតិ​កែន បាន​បែក​ចេញ​ពី​ជន‌ជាតិ​កែន​ឯ​ទៀតៗ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហូបាប់ បង​ថ្លៃ​របស់​លោក​ម៉ូសេ ។ គាត់​បោះ​ជំរំ​នៅ​ក្បែរ​ដើម​ជ្រៃ​ស្អាណា‌នឹម ជិត​ភូមិ​កេដែស។ 12មាន​គេ​ជម្រាប​លោក​ស៊ីសេ‌រ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។ 13លោក​ស៊ី‌សេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូ‌សេត‌កូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។ 14ពេល​នោះ លោក​ស្រី​ដេបូរ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារ៉ាក់​ថា៖ «ចូរ​ចេញ​ទៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ ព្រះ‌អម្ចាស់​ផ្ទាល់​យាង​នាំ​មុខ​លោក»។ លោក​បារ៉ាក់​ក៏​ចុះ​ពី​ភ្នំ​តាបោរ ដោយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ មក​ជា​មួយ​លោក​ដែរ។ 15ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​លោក​ស៊ី‌សេ‌រ៉ា ព្រម​ទាំង​រទេះ​ចម្បាំង និង​ពល​ទាហាន​ទាំង​អស់​របស់​គាត់​បាក់​ទ័ព នៅ​មុខ​លោក​បារ៉ាក់។ លោក​ស៊ី‌សេ‌រ៉ា​បោះ​បង់​ចោល​រទេះ​ចម្បាំង​របស់​គាត់ ហើយ​រត់​គេច​ខ្លួន​ទៅ។ 16លោក​បារ៉ាក់​ដេញ​តាម​រទេះ​ចម្បាំង និង​កង‌ទ័ព​ខ្មាំង រហូត​ដល់​ហារ៉ូ‌សេត‌កូយឹម។ កង‌ទ័ព​ទាំង​មូល​របស់​លោក​ស៊ី‌សេ‌រ៉ា​ស្លាប់​ដោយ​មុខ​ដាវ គ្មាន​សល់​ម្នាក់​ឡើយ។
17រីឯ​លោក​ស៊ីសេ‌រ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់‌ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។ 18ពេល​នោះ នាង​យ៉ាអែល​ចេញ​មក​ទទួល​លោក​ស៊ី‌សេ‌រ៉ា ទាំង​ពោល​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ចូល​ក្នុង​មក កុំ​ភ័យ​ខ្លាច​អី!»។ លោក​ស៊ីសេ‌រ៉ា​ក៏​ចូល​ទៅ​ក្នុង​តង់ត៍ ហើយ​នាង​នាំ​លោក​ទៅ​លាក់​នៅ​ក្នុង​ភួយ។ 19ខណៈ​នោះ លោក​ស៊ី‌សេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ី‌សេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។ 20លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។ 21ដោយ​នឿយ‌ហត់​ខ្លាំង​ពេក លោក​ស៊ី‌សេ‌រ៉ា​ក៏​សម្រាន្ដ​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ី‌សេ‌រ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត‌ផ្កា​របស់​លោក​ស៊ី‌សេ‌រ៉ា ធ្លុះ​ដល់​ដី ហើយ​លោក​ក៏​ស្លាប់​ទៅ។ 22ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ី‌សេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ី‌សេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។
23ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​បំបាក់​មុខ​ព្រះ‌បាទ​យ៉ា‌ប៊ីន ជា​ស្ដេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ 24ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​លើ​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ា‌ប៊ីន​បាន។

ទើបបានជ្រើសរើសហើយ៖

ចៅហ្វាយ 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល