ចៅហ្វាយ 3:1-31

ចៅហ្វាយ 3:1-31 គខប

ព្រះ‌អម្ចាស់​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។ ព្រះអង្គ​គ្រាន់​តែ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។ ប្រជា‌ជាតិ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ជន‌ជាតិ​ភីលីស្ទីន​ទាំង​ប្រាំ​នគរ ជន‌ជាតិ​កាណាន​ទាំង​អស់ ជន‌ជាតិ​ស៊ីដូន និង​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​លីបង់ ចាប់​តាំង​ពី​ភ្នំ​បាល-‌ហ៊ើរ‌ម៉ូន រហូត​ដល់​ហា‌ម៉ាត់។ ព្រះ‌អម្ចាស់​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​គោរព​តាម​បទ‌បញ្ជា ដែល​ព្រះអង្គ​ប្រទាន​មក​បុព្វបុរស​របស់​គេ តាម​រយៈ​លោក​ម៉ូសេ​ឬ​យ៉ាង​ណា។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ព្រះអង្គ ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​គូសាន-‌រីសា‌ថែម ជា​ស្ដេច​ស្រុក​អើរ៉ាម-‌ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជា​ចំណុះ​ស្ដេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​របស់​លោក​កាលែប។ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​លោក​អូធ្នាល លោក​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​មាន​ជ័យ‌ជម្នះ ដោយ​ប្រគល់​ព្រះ‌បាទ​គូសាន-រីសា‌ថែម ជា​ស្ដេច​ស្រុក​អើ‌រ៉ាម-ណាហា‌រេម មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ទទួល​មរណ‌ភាព​ទៅ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះ‌អម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អេក្លូន​បាន​ពួត‌ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ា‌ឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។ លោក​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​អេក្លូន​ធាត់​ណាស់។ ក្រោយ​បាន​ថ្វាយ​សួយសារ‌អាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារ‌អាករ​មក។ លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីល‌កាល់ លោក​បក​ក្រោយ ហើយ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​មាន​កិច្ចការ​សម្ងាត់​មួយ​ទូល​ថ្វាយ​ព្រះអង្គ»។ ស្ដេច​បញ្ជា​ទៅ​អ្នក​បម្រើ​ឲ្យ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌អម្ចាស់ សម្រាប់​ទូល​ថ្វាយ​ព្រះ‌ករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅ‌អី។ រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។ បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។ កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្ដេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។ គេ​នាំ​គ្នា​រង់‌ចាំ រហូត​ទាល់​តែ​ចាប់​ផ្ដើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្ដេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។ ក្នុង​រយៈ​ពេល​ដែល​គេ​រង់‌ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។ ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន‌ជាតិ​អ៊ីស្រា‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។ លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​លោក ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សម្រាប់​ឆ្លង​ទន្លេ​យ័រដាន់ ពី​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​មិន​ឲ្យ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។ នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែត‌សិប​ឆ្នាំ។ បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំកើរ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​លោក​បាន​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។