ចៅហ្វាយ 3
3
1 ព្រះអម្ចាស់បានទុកប្រជាជាតិទាំងនោះឲ្យរស់នៅក្នុងស្រុក ដើម្បីល្បងលកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមិនចូលរួមធ្វើសង្គ្រាមដណ្ដើមយកទឹកដីកាណាន។ 2ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យឲ្យកូនចៅអ៊ីស្រាអែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។ 3ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។
4 ព្រះអម្ចាស់ទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជា ដែលព្រះអង្គប្រទានមកបុព្វបុរសរបស់គេ តាមរយៈលោកម៉ូសេឬយ៉ាងណា។ 5ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ 6គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។
ចៅហ្វាយដប់ពីររូប
លោកអូធ្នាល
7ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។ 8ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយពួកគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលនៅជាចំណុះស្ដេចនោះអស់រយៈពេលប្រាំបីឆ្នាំ។ 9ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះជនជាតិអ៊ីស្រាអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។ 10ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយព្រះអម្ចាស់ប្រទានឲ្យលោកមានជ័យជម្នះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។ 11ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាស ទទួលមរណភាពទៅ។
លោកអេហ៊ូដ
12ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ 13ព្រះបាទអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រាអែល ហើយដណ្ដើមបានក្រុងដើមលម៉ើ ។ 14ជនជាតិអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។ 15ជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ 16លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្ដាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។ 17លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។ 18ក្រោយបានថ្វាយសួយសារអាកររួចហើយ លោកក៏វិលទៅវិញជាមួយអស់អ្នកដែលកាន់សួយសារអាករមក។ 19លុះមកដល់ត្រង់រូបបដិមា ដែលនៅជិតគីលកាល់ លោកបកក្រោយ ហើយទូលស្ដេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់មួយទូលថ្វាយព្រះអង្គ»។ ស្ដេចបញ្ជាទៅអ្នកបម្រើឲ្យចេញទៅ អស់អ្នកដែលនៅជាមួយស្ដេចក៏នាំគ្នាចេញទៅ។ 20ពេលនោះ ស្ដេចគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្ដេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិត ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះអម្ចាស់ សម្រាប់ទូលថ្វាយព្រះករុណាផ្ទាល់!» ស្ដេចក៏ក្រោកពីកៅអី។ 21រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច 22មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។
23បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។ 24កាលលោកអេហ៊ូដចេញផុតទៅ អ្នកបម្រើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ស្ដេចប្រហែលជាកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។ 25គេនាំគ្នារង់ចាំ រហូតទាល់តែចាប់ផ្ដើមបារម្ភ ព្រោះមិនឃើញស្ដេចបើកទ្វារបន្ទប់។ ដូច្នេះ គេក៏យកសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។ 26ក្នុងរយៈពេលដែលគេរង់ចាំនោះ លោកអេហ៊ូដរត់ឆ្ងាយហួសរូបបដិមា ហើយទៅដល់តំបន់សៃរ៉ា។ 27ពេលទៅដល់ លោកផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីម ជនជាតិអ៊ីស្រាអែលចុះពីភ្នំទៅជាមួយលោក លោកក៏នាំមុខគេ។ 28លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះអម្ចាស់បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយលោក ហើយវាយយកកន្លែងទឹករាក់ សម្រាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយ។ 29នៅគ្រានោះ ពួកគេបានសម្លាប់ជនជាតិម៉ូអាប់ អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាអ្នកខ្លាំងពូកែ និងក្លាហានផង គឺឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ 30ចាប់តាំងពីពេលនោះមក ជនជាតិម៉ូអាប់ស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ជនជាតិអ៊ីស្រាអែល ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។
លោកសាំកើរ
31បន្ទាប់ពីលោកអេហ៊ូដ លោកសាំកើរ ជាកូនរបស់លោកអណាត ក៏បានសង្គ្រោះជនជាតិអ៊ីស្រាអែលដែរ គឺលោកបានសម្លាប់ជនជាតិភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.