ចៅហ្វាយ 17:1-13

ចៅហ្វាយ 17:1-13 គខប

នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។ ថ្ងៃ​មួយ គាត់​បាន​ប្រកាស​ប្រាប់​ម្ដាយ​គាត់​ថា៖ «តើ​ម៉ែ​មាន​នឹក​ចាំ​ទេ នៅ​ពេល​ដែល​គេ​លួច​ប្រាក់​ម៉ែ​ចំនួន​មួយ​ពាន់​មួយ​រយ​ស្លឹង​នោះ ម៉ែ​បាន​ដាក់​បណ្ដាសា​ចោរ​នៅ​ចំពោះ​មុខ​ខ្ញុំ។ មើល​នែ៎ ប្រាក់​ទាំង​នេះ​នៅ​ជា​មួយ​ខ្ញុំ គឺ​ខ្ញុំ​ដែល​បាន​យក​ប្រាក់»។ ម្ដាយ​របស់​គាត់​ក៏​និយាយ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​កូន»។ លោក​មីកា​ប្រគល់​ប្រាក់​មួយ‌ពាន់‌មួយ​រយ​ស្លឹង​ជូន​ទៅ​ម្ដាយ​វិញ ហើយ​ម្ដាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្ដាយ​បាន​សម្រេច​ចិត្ត​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះ‌អម្ចាស់​ហើយ ដើម្បី​ឲ្យ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។ ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្ដាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្ដាយ​ក៏​យក​ប្រាក់​ពីរ​រយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះ​មួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។ ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយ‌បង្គំ​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន សម្រាប់​គោរព​បូជា រួច​គាត់​តែង‌តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ។ នៅ​គ្រា​នោះ ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។ មាន​យុវ‌បុរស​លេវី​ម្នាក់​ពី​កុល‌សម្ព័ន្ធ​យូដា រស់​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។ គាត់​ចាក​ចេញ​ពី​ភូមិ​បេថ្លេ‌ហិម​ទៅ​រក​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត។ ពេល​ធ្វើ​ដំណើរ​នោះ គាត់​បាន​ទៅ​ដល់​ផ្ទះ​លោក​មីកា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ លោក​មីកា​សួរ​គាត់​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​ពួក​លេវី មក​ពី​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ហើយ​ខ្ញុំ​កំពុង​ដើរ​រក​មើល​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ»។ លោក​មីកា​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​នៅ​ផ្ទះ​ខ្ញុំ ហើយ​ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​គ្រួសារ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ជូន​ប្រាក់​លោក​ចំនួន​ដប់​ស្លឹង ក្នុង​មួយ​ឆ្នាំ ព្រម​ទាំង​សម្លៀក‌បំពាក់ និង​ម្ហូប​អាហារ​ទៀត​ផង»។ បុរស​លេវី​នោះ​ក៏​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​មីកា ហើយ​លោក​មីកា​ចាត់​ទុក​គាត់​ដូច​កូន​បង្កើត​ដែរ។ លោក​មីកា​បាន​តែង‌តាំង​បុរស​នោះ​ជា​បូជា‌ចារ្យ ហើយ​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ លោក​មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ជាក់​ច្បាស់​ថា ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ខ្ញុំ​ជា​មិន​ខាន ព្រោះ​ខ្ញុំ​មាន​បុរស​លេវី​ម្នាក់​ជា​បូជា‌ចារ្យ»។