ចៅហ្វាយ 17
17
ភាពអនាធិបតេយ្យនៅស្រុកអ៊ីស្រាអែល
កន្លែងថ្វាយបង្គំព្រះរបស់លោកមីកា
1នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ 2ថ្ងៃមួយ គាត់បានប្រកាសប្រាប់ម្ដាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្ដាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្ដាយរបស់គាត់ក៏និយាយថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់កូន»។ 3លោកមីកាប្រគល់ប្រាក់មួយពាន់មួយរយស្លឹងជូនទៅម្ដាយវិញ ហើយម្ដាយក៏ពោលថា៖ «កូនអើយ ម្ដាយបានសម្រេចចិត្តថ្វាយប្រាក់នេះដល់ព្រះអម្ចាស់ហើយ ដើម្បីឲ្យកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។ 4ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្ដាយសាជាថ្មីទៀត ហើយម្ដាយក៏យកប្រាក់ពីររយស្លឹងទៅឲ្យជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។ 5ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សម្រាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាបូជាចារ្យ។
6 នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។
7មានយុវបុរសលេវីម្នាក់ពីកុលសម្ព័ន្ធយូដា រស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ 8គាត់ចាកចេញពីភូមិបេថ្លេហិមទៅរកកន្លែងស្នាក់នៅផ្សេងទៀត។ ពេលធ្វើដំណើរនោះ គាត់បានទៅដល់ផ្ទះលោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ 9លោកមីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាពួកលេវី មកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងដើររកមើលកន្លែងសម្រាប់ស្នាក់អាស្រ័យ»។ 10លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យគ្រប់គ្រងលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។ 11បុរសលេវីនោះក៏យល់ព្រមរស់នៅជាមួយលោកមីកា ហើយលោកមីកាចាត់ទុកគាត់ដូចកូនបង្កើតដែរ។ 12លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយឲ្យរស់នៅក្នុងផ្ទះរបស់ខ្លួន។ 13លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ច្បាស់ថា ព្រះអម្ចាស់នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.