ចៅហ្វាយ 16
16
លោកសាំសុននៅក្រុងកាសា
1ថ្ងៃមួយ លោកសាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ លោកជួបនឹងស្រីពេស្យាម្នាក់ ក៏ចូលទៅជាមួយនាង។ 2មានគេប្រាប់អ្នកក្រុងកាសាថា៖ «សាំសុននៅទីនេះ»។ ពួកគេក៏ចាត់គ្នាទៅយាមល្បាត និងចាំឃ្លាំមើលលោកនៅមាត់ទ្វារក្រុង ពេញមួយយប់។ ពួកគេនៅសម្ងំពេញមួយយប់នោះ ដោយនិយាយគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»។ 3ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។
នាងដេលីឡាក្បត់លោកសាំសុន
4បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។ 5ស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបាននាំគ្នាទៅនិយាយនឹងនាងដេលីឡាថា៖ «ចូរនាងលួងលោមសាំសុន ដើម្បីឲ្យដឹងថា គាត់មានកម្លាំងដ៏ខ្លាំងក្លានេះមកពីណា ធ្វើដូចម្ដេចឲ្យយើងអាចឈ្នះគាត់បាន? យើងនឹងចាប់ចង បង្ក្រាបគាត់ រួចហើយយើងនឹងឲ្យប្រាក់នាងចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។
6ពេលនោះ នាងដេលីឡាសួរលោកសាំសុនថា៖ «បងអើយ សូមប្រាប់ខ្ញុំឲ្យដឹងផង តើបងបានកម្លាំងដ៏ខ្លាំងនេះមកពីណា? តើធ្វើដូចម្ដេចឲ្យគេអាចចាប់ចងបង្ក្រាបបងបាន?»។ 7លោកសាំសុនក៏ឆ្លើយទៅនាងថា៖ «ប្រសិនបើគេយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួតនៅឡើយ ចំនួនប្រាំពីរចង្វាយមកចងបង នោះបងនឹងទៅជាខ្សោយដូចមនុស្សឯទៀតៗដែរ»។ 8ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានយកខ្សែពួរស្រស់ ដែលមិនទាន់ហាលស្ងួត ចំនួនប្រាំពីរចង្វាយមកឲ្យនាងដេលីឡា ហើយនាងក៏យកទៅចងលោកសាំសុន។ 9នាងបានឲ្យមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះ នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនក៏បណ្ដាច់ពួរនោះចេញអស់ ដូចខ្សែអំបោះដែលត្រូវភ្លើងឆេះ។ ដូច្នេះ គេនៅតែពុំដឹងអាថ៌កំបាំងនៃកម្លាំងរបស់លោកដដែល។
10នាងដេលីឡាក៏ពោលទៅកាន់លោកសាំសុនថា៖ «បងបានបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមកមើល៍ តើត្រូវធ្វើដូចម្ដេច ដើម្បីចងបងបាន?»។ 11លោកសាំសុនតបទៅនាងថា៖ «ប្រសិនបើគេយកពួរថ្មី ដែលមិនទាន់ប្រើមកចងបងនោះ បងនឹងទៅជាមនុស្សខ្សោយដូចមនុស្សឯទៀតៗដែរ»។ 12នាងដេលីឡាក៏ប្រើពួរថ្មី ដើម្បីចងលោកសាំសុន រួចនាងស្រែកថា៖ «បងសាំសុនអើយ! ពួកភីលីស្ទីនមកចាប់បងហើយ»។ ពេលនោះ ក៏មានមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះដែរ ប៉ុន្តែ លោកសាំសុនផ្ដាច់ពួរដែលចងដៃលោក ដូចគេផ្ដាច់ខ្សែអំបោះ។
13នាងដេលីឡាពោលទៅកាន់លោកសាំសុនថា៖ «រហូតមកទល់ពេលនេះ បងចេះតែបញ្ឆោត និងភូតកុហកខ្ញុំ។ ឥឡូវនេះ សូមបងប្រាប់ខ្ញុំមក តើត្រូវធ្វើដូចម្ដេចដើម្បីចងបងបាន?»។ លោកសាំសុនឆ្លើយថា៖ «បើអូនក្រងសក់បងប្រាំពីរកម្រងភ្ជាប់នឹងកីតម្បាញ បងនឹងទៅជាខ្សោយដូចជាមនុស្សឯទៀតៗដែរ»។ 14នាងដេលីឡាក៏ធ្វើឲ្យលោកសាំសុនសម្រាន្ដលក់ រួចនាងក្រងសក់លោកជាប្រាំពីរកម្រងភ្ជាប់នឹងកីតម្បាញ ហើយបោះស្នឹងពីលើផង។ បន្ទាប់មក នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើកទាំងស្នឹង ទាំងកីតម្បាញទៀតផង។
15នាងដេលីឡាពោលទៅកាន់លោកថា៖ «តើបងអាចអះអាងថា បងស្រឡាញ់ខ្ញុំដូចម្ដេចកើត បើបងមិនទុកចិត្តខ្ញុំសោះនោះ? មើល៍ បងបានបញ្ឆោតខ្ញុំបីដងហើយ គឺបងមិនព្រមប្រាប់ឲ្យខ្ញុំដឹងថា តើបងបានកម្លាំងដ៏ខ្លាំងនោះមកពីណាឡើយ»។ 16ដោយនាងដេលីឡាចេះតែនិយាយរំអុកបែបនេះជារៀងរាល់ថ្ងៃ លោកសាំសុនក៏ធុញថប់ស្ទើរស្លាប់ 17ហើយរៀបរាប់អាថ៌កំបាំងរបស់លោកប្រាប់នាងថា៖ «សក់បងមិនត្រូវកាត់ ឬកោរឡើយ ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបង ទុកជាពួកណាសារីត* តាំងពីនៅក្នុងផ្ទៃម្ដាយម៉្លេះ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងបាត់បង់ ហើយខ្លួនបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតៗដែរ»។
18នាងដេលីឡាដឹងថា លោកបានប្រាប់អាថ៌កំបាំងដល់នាងហើយ នាងឲ្យគេនាំពាក្យទៅប្រាប់ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនថា៖ «សូមអស់លោកអញ្ជើញមកចុះ ព្រោះលើកនេះ សាំសុនទម្លាយអាថ៌កំបាំងឲ្យខ្ញុំដឹងហើយ»។ ពួកស្ដេចត្រាញ់ក៏នាំគ្នាទៅផ្ទះនាង ដោយនាំយកប្រាក់ទៅជាមួយផង។ 19នាងដេលីឡាបានឲ្យលោកសាំសុនកើយភ្លៅនាង រហូតដល់លក់ រួចហៅមនុស្សម្នាក់មកកោរកម្រងសក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្ដើមខ្សោយ។ កម្លាំងក៏ថយចេញពីខ្លួនលោកទៅ។ 20នាងដេលីឡាពោលទៅលោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា លោកនឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះលោកពុំបានដឹងថាព្រះអម្ចាស់ថយចេញពីលោកនោះទេ។ 21ពួកភីលីស្ទីនចូលទៅចាប់លោក ហើយខ្វេះភ្នែកលោកទាំងពីរទៀតផង។ ពួកគេនាំលោកទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់លោក និងបង្ខំលោកឲ្យបង្វិលត្បាល់កិននៅក្នុងគុក។ 22ប៉ុន្តែក្រោយមក សក់របស់លោកដែលគេបានកោរ ក៏ចាប់ផ្ដើមដុះឡើងវិញ។
ការសងសឹកចុងក្រោយ និងមរណភាពរបស់លោកសាំសុន
23ថ្ងៃមួយ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានប្រមូលគ្នា ដើម្បីធ្វើបុណ្យអបអរសាទរចំពោះជ័យជម្នះរបស់គេ ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះដាកុនរបស់គេថែមទៀតផង។ គេនាំគ្នាច្រៀងថា៖ «ព្រះរបស់យើងបានប្រគល់សាំសុន ជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!»។ 24ពេលឃើញរូបព្រះរបស់គេ ប្រជាជនក៏នាំគ្នាសរសើរតម្កើង ដោយពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបំផ្លាញស្រុកយើង ហើយសម្លាប់ប្រជាជនយើងអស់ជាច្រើនផង»។ 25ក្នុងពេលពួកគេកំពុងតែសប្បាយយ៉ាងខ្លាំងនោះ គេក៏និយាយថា៖ «ចូរហៅសាំសុនមកឲ្យវាឡកកំប្លែងឲ្យយើងមើល»។ ពួកគេអូសលោកសាំសុនចេញពីគុក ដើម្បីឡកឲ្យពួកគេមើល។ ពួកគេដាក់លោកនៅចន្លោះសសរវិហារ។ 26លោកសាំសុនពោលទៅក្មេងដែលដឹកដៃលោកថា៖ «សូមនាំខ្ញុំទៅជិតសសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំអាចផ្អែកខ្លួននៅលើសសរនោះផង»។
27ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញវិហារ។ ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏នៅទីនោះដែរ ហើយមានមនុស្សប្រមាណបីពាន់នាក់ទៀតឈរនៅលើខឿន ដើម្បីមើលលោកសាំសុនឡក។ 28លោកសាំសុនអង្វររកព្រះអម្ចាស់ថា៖ «ឱព្រះជាអម្ចាស់អើយ សូមកុំភ្លេចទូលបង្គំឡើយ! ព្រះជាម្ចាស់អើយ សូមមេត្តាប្រោសប្រទានកម្លាំងដល់ទូលបង្គំម្ដងនេះទៀតចុះ គឺក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក សូមឲ្យទូលបង្គំអាចសងសឹកពួកភីលីស្ទីន ចំពោះភ្នែកទាំងពីរដែលគេបានខ្វេះនោះផង!»។ 29បន្ទាប់មក លោកសាំសុនស្ទាបសសរកន្លោងទាំងពីរដែលទ្រវិហារ លោកសង្កត់ដៃស្ដាំរបស់លោកទៅលើសសរមួយ ហើយដៃឆ្វេងទៅលើសសរមួយទៀត 30រួចលោកស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ លោកបញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្ដេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយលោកមានចំនួនច្រើនជាងអ្នក ដែលលោកបានសម្លាប់កាលពីនៅមានជីវិតទៅទៀត។ 31បងប្អូន និងគ្រួសារលោកទាំងអស់ក៏នាំគ្នាទៅយកសាកសពលោក មកបញ្ចុះក្នុងផ្នូររបស់លោកម៉ាណូអា ជាឪពុក ដែលស្ថិតនៅត្រង់ចន្លោះសូហារ និងអេសថោល។ លោកសាំសុនបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.