ចៅហ្វាយ 12

12
ទំនាស់​រវាង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​លោក​យែបថា
1អ្នក​ស្រុក​អេប្រាអ៊ីម​បាន​លើក​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ សំដៅ​ទៅ​ក្រុង​សាផូន។ ពួក​គេ​ស្ដី​បន្ទោស​លោក​យែបថា ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ដោយ​មិន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​របស់​លោក​ចោល ហើយ​ក៏​ដុត​លោក​ជា​មួយ​ដែរ»។ 2លោក​យែបថា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ និង​ប្រជា‌ជន​របស់​ខ្ញុំ មាន​វិវាទ​យ៉ាង​ខ្លាំង​ជា​មួយ​ជន‌ជាតិ​អាំម៉ូន ខ្ញុំ​បាន​ហៅ​បងប្អូន​ដែរ តែ​បងប្អូន​ពុំ​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ទេ។ 3ដោយ​ឃើញ​ថា​បងប្អូន​មិន​មក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​នោះ ខ្ញុំ​ក៏​សុខ​ចិត្ត​ប្ដូរ​ជីវិត ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ថ្ងៃ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​លើក​គ្នា​មក​ធ្វើ​សឹក​នឹង​ខ្ញុំ​ទៅ​វិញ​ដូច្នេះ?»។ 4លោក​យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាដ​ទាំង​ប៉ុន្មាន មក​ប្រយុទ្ធ​ជា​មួយ​ពួក​អេប្រាអ៊ីម ព្រោះ​ពួក​នេះ​បាន​ពោល​ថា៖ «ពួក​កាឡាដ​អើយ! ពួក​ឯង​សុទ្ធ​តែ​ជា​មនុស្ស​រត់​ចោល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ទៅ​ចូល​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ!»។ 5អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ» 6នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។
7លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​លោក។
លោក​អ៊ីប‌សាន លោក​អេឡូន និង​លោក​អាប់ដូន
8ក្រោយ​លោក​យែបថា មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីប‌សាន ជា​អ្នក​ស្រុក​បេថ្លេ‌ហិម បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។ 9លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ និង​កូន​ស្រី​សាម‌សិប​នាក់។ លោក​បាន​លើក​កូន​ស្រី​ឲ្យ​រៀបការ​នឹង​បុរស​នៅ​កុល‌សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុល‌សម្ព័ន្ធ​ផ្សេង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់‌គ្រង​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ 10រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​បេថ្លេ‌ហិម។
11ក្រោយ​លោក​អ៊ីប‌សាន មាន​បុរស​ម្នាក់​ឈ្មោះ​អេឡូន ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ដប់​ឆ្នាំ 12រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​អាយ៉ា‌ឡូន ក្នុង​ទឹក​ដី​សាប់យូ‌ឡូន។
13ក្រោយ​លោក​អេឡូន មាន​បុរស​ម្នាក់​ឈ្មោះ​អាប់‌ដូន ជា​កូន​របស់​លោក​ហ៊ី‌លេល ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន បាន​ឡើង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល 14លោក​មាន​កូន​ប្រុស​សែ‌សិប​នាក់ និង​ចៅ​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​ចិត‌សិប​ក្បាល​ជា​ជំនិះ។ លោក​អាប់​ដូន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ 15រួច​លោក​ទទួល​មរណ‌ភាព។ គេ​បញ្ចុះ​សព​លោក​នៅ​ភូមិ​ពីរ៉ា‌ថូន ក្នុង​ទឹក​ដី​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក។

ទើបបានជ្រើសរើសហើយ៖

ចៅហ្វាយ 12: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល