សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំដែរ! អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ ប៉ុន្តែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ច ពោរពេញទៅដោយពិសពុល បណ្ដាលឲ្យស្លាប់ទៀតផង។ ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះអង្គដែរ គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។ តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផង ជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ? បងប្អូនអើយ ដើមឧទុម្ពរអាចឲ្យផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចឲ្យផ្លែជាឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបឡើយ។ ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសម្តែងកិរិយាមារយាទរបស់ខ្លួនឲ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្តច្រណែនឈ្នានីស និងមានចិត្តប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតឲ្យសោះ។ ប្រាជ្ញាបែបនេះមិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ស ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។
អាន យ៉ាកុប 3
ស្ដាប់នូវ យ៉ាកុប 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 3:4-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ