បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?។ បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។ រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូន ទេឬ!។ ប្រសិនបើបងប្អូនប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្តអំពើបាប ហើយក្រឹត្យវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្តបទល្មើស ដ្បិតអ្នកណាប្រតិបត្តិតាមក្រឹត្យវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងក្រឹត្យវិន័យទាំងមូលដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្តអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថា អ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យហើយ។ បងប្អូនត្រូវនិយាយ និងប្រព្រឹត្តឲ្យស្របនឹងក្រឹត្យវិន័យដែលផ្ដល់សេរីភាព គឺមានតែក្រឹត្យវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន
អាន យ៉ាកុប 2
ស្ដាប់នូវ យ៉ាកុប 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 2:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ