យ៉ាកុប 1:1-18

យ៉ាកុប 1:1-18 គខប

ខ្ញុំ យ៉ាកុប ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ និង​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។ បងប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង ដែល​បងប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ ដោយ​ដឹង​ថា ការ​ល្បង‌ល​មើល​ជំនឿ​របស់​បងប្អូន​នឹង​នាំ​ឲ្យ​បងប្អូន​ចេះ​ស៊ូ‌ទ្រាំ។ ប៉ុន្តែ ត្រូវ​ឲ្យ​ការ​ស៊ូ‌ទ្រាំ​នេះ​បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បងប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។ ក្នុង​ចំណោម​បងប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​ដោយ​ព្រះ‌ហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា​នឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ត​ទេ។ សូម​ឲ្យ​បងប្អូន​ដែល​ក្រីក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​ព្រះ‌ជាម្ចាស់​លើក​តម្កើង​គេ​ហើយ។ រីឯ​បងប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​ព្រះ‌ជាម្ចាស់​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។ លុះ​ដល់​ថ្ងៃ​រះ​ពេញ​កម្ដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។ អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ព្រះអង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ។ ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ‌ជាម្ចាស់​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​ព្រះ‌ជាម្ចាស់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ឡើយ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។ ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង‌លោម​បញ្ឆោត​ប៉ុណ្ណោះ។ ចិត្ត​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចម្រើន​ដល់​កម្រិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់ ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។ គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​ស្ថាន​លើ​ទាំង​អស់ គឺ​មក​ពី​ព្រះ‌បិតា​ដែល​បង្កើត​ពន្លឺ ។ ព្រះអង្គ​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ព្រះអង្គ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្កើត​យើង​មក ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បង្កើត​មក។