ព្រះអម្ចាស់ប្រកាសដាក់ទោស ប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រាអែល ដែលជាពូជពង្សរបស់លោកយ៉ាកុប។ ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម និងអ្នកស្រុកសាម៉ារី មុខជាដឹង ហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖ «អាគារធ្វើពីដីឥដ្ឋ បានរលំហើយ យើងនឹងយកថ្មមកសង់ឡើងវិញ គេបានកាប់រំលំសសរធ្វើពីដើមត្បែង តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក មកជំនួសវិញ!»។ ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីន ឲ្យមកវាយលុកពួកគេ ព្រះអង្គនឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។ ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក ព្រះអង្គដែរ ពួកគេពុំស្វែងរក ព្រះអម្ចាស់នៃពិភពទាំងមូលទេ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយ គឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ ក្បាលគឺពួកព្រឹទ្ធាចារ្យ និងអ្នកមុខអ្នកការ រីឯកន្ទុយ គឺព្យាការីដែលជាគ្រូក្លែងក្លាយ។ ពួកមេដឹកនាំដែលបានធ្វើឲ្យ ប្រជាជននេះវង្វេង ហើយអស់អ្នកដែលត្រូវគេដឹកនាំ ក៏វិនាសអន្តរាយដែរ។ ហេតុនេះហើយបានជាព្រះអម្ចាស់ មិនអាណិតយុវជនរបស់ពួកគេឡើយ ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។ អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។ ដោយសារព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។ ប្រជាជនងាកទៅខាំខាងស្ដាំ គេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេង ក៏នៅតែមិនបានឆ្អែតដដែល ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម អេប្រាអ៊ីមស៊ីសាច់ម៉ាណាសេ ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ ចាំវាយប្រដៅគេជានិច្ច។
អាន អេសាយ 9
ស្ដាប់នូវ អេសាយ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 9:8-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ