អេសាយ 7:10-25

អេសាយ 7:10-25 គខប

ព្រះ‌អម្ចាស់​ចាត់​លោក​អេសាយ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​អេហាស​សា​ជា​ថ្មី​ថា៖ «ព្រះ​ករុណា​ត្រូវ​ទូល​សុំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា សម្តែង​នូវ​ទី​សម្គាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ព្រះអង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​ព្រះ‌ករុណា»។ ព្រះ‌បាទ​អេហាស​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «យើង​នឹង​មិន​ទូល​សូម​អ្វី​ជា​ដាច់​ខាត យើង​នឹង​មិន​ព្រម​ល្បង‌ល​ព្រះ‌អម្ចាស់​ឡើយ!»។ ពេល​នោះ ព្យាការី​អេសាយ​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ! ព្រះ‌ករុណា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មនុស្ស ណាយ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​របស់​ទូលបង្គំ ណាយ​ព្រះ‌ហឫទ័យ​ទៀត​ផង។ ហេតុ​នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន ទី​សម្គាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រា​មួយ ហើយ​ថ្វាយ​ព្រះ‌នាម​ថា «អេម៉ា‌ញូអែល»។ បុត្រ​នោះ​នឹង​សោយ​តែ​ទឹក​ដោះ និង​ទឹក​ឃ្មុំ រហូត​ដល់​ពេល​ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ​វិញ។ ប៉ុន្តែ មុន​ពេល​បុត្រ​នោះ ចេះ​បដិសេធ​អ្វីៗ​ដែល​អាក្រក់ ហើយ​ជ្រើស​យក​អ្វីៗ​ដែល​ល្អ ស្រុក​របស់​ស្ដេច​ទាំង​ពីរ​ដែល​បាន​មក បំភ័យ​ព្រះ‌ករុណា នឹង​ត្រូវ​គេ​បោះ​បង់​ចោល ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា ព្រម​ទាំង​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្ស ជួប​ប្រទះ​នឹង​សភាព‌ការណ៍​ផ្សេងៗ ព្រោះ​តែ​ស្ដេច​របស់​ជន‌ជាតិ​អាស្ស៊ីរី គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​បែក​ចេញ​ពី​ប្រជា‌ជាតិ​យូដា​មក មិន​ដែល​មាន​សភាព‌ការណ៍​បែប​នេះ​ទេ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី ឲ្យ​មក​ទំ​នៅ​តាម​ចំណោត​ភ្នំ តាម​ក្រហែង​ថ្ម​ទាំង‌ឡាយ ព្រម​ទាំង​នៅ​តាម​គុម្ពោត និង​នៅ​តាម​វាល​ស្មៅ​ទាំង​ប៉ុន្មាន​ដែរ។ នៅ​គ្រា​នោះព្រះ‌អម្ចាស់​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ ។ នៅ​គ្រា​នោះ ម្នាក់ៗ​នឹង​ចិញ្ចឹម​មេ​គោ​មួយ និង​ពពែ​ញី​ពីរ​ក្បាល ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។ នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មាន ទំពាំង‌បាយជូរ​មួយ​ពាន់​ដើម តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។ ស្រុក​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​បរ​បាញ់ ព្រោះ​មាន​សុទ្ធ​តែ​បន្លា និង​រពាក់។ ចំណែក​ឯ​នៅ​តាម​ភ្នំ ដែល​ពី​មុន​គេ​ធ្លាប់​តែ​កាប់​គាស់ បែរ​ជា​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ទៀត​ទេ ព្រោះ​គេ​ខ្លាច​បន្លា និង​រពាក់ គេ​ទុក​ឲ្យ​គោ និង​ហ្វូង​ចៀម ទៅ​ស៊ី​ស្មៅ​នៅ​តាម​កន្លែង​នោះ»។