អេសាយ 62:6-12

អេសាយ 62:6-12 គខប

យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។ អ្នក​ត្រូវ​ទទូច​អង្វរ ឥត​ឈប់​ឈរ រហូត​ទាល់​តែ​ព្រះអង្គ​ស្ដារ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ផែនដី​ឡើង​វិញ ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់ ដោយ​យក ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំង‌បាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយ‌ហត់ នោះ​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​បាន​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។ ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ! ព្រះ‌អម្ចាស់​ប្រកាស​ប្រាប់​មនុស្ស‌ម្នា​ដែល នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី ដូច​ត​ទៅ: ចូរ​ប្រាប់​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​ថា មើល​ហ្ន៎! ព្រះ‌សង្គ្រោះ​របស់​អ្នក ទ្រង់​យាង​មក​ដល់ ទាំង​នាំ​យក​អស់​អ្នក ដែល​ព្រះអង្គ​បាន​លោះ​មក​ជា​មួយ​ផង ពួក​គេ​នាំ​គ្នា​ដើរ​នៅ​មុខ​ព្រះអង្គ។ គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ។ រីឯ​អ្នក​វិញ មនុស្ស‌ម្នា​នឹង​ហៅ​អ្នក​ថា ទីក្រុង​បណ្ដូល​ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។