អេសាយ 59:1-21

អេសាយ 59:1-21 គខប

កុំ​នឹក​ស្មាន​ថា ព្រះ‌អម្ចាស់​មាន​បារមី​ទន់​ខ្សោយ ពុំ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​បាន​នោះ​ឡើយ ហើយ​កុំ​នឹក​ស្មាន​ថា ព្រះអង្គ​មាន​ព្រះ‌កាណ៌​ធ្ងន់ ស្ដាប់​មិន​ឮ​នោះ​ដែរ! តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​ព្រះ​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ម្រាម​ដៃ​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​អំពើ​ទុច្ចរិត មាត់​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ពាក្យ​ភូត‌ភរ និង​និយាយ​បរិហារ​គេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា នរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌ និង​ឆ្លើយ​ការ‌ពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរ អ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។ អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ រួច​នាំ​គ្នា​សម្រេច​ចេញ​ជា​អំពើ​ទុច្ចរិត។ គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង ស៊ុត​ពស់​អសិរ‌ពិស អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។ អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការ ដូច​ត្បាញ​សំបុក​ពីង‌ពាង ដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់ បិទ‌បាំង​កាយ​ឡើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។ ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅ ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិត អ្នក​រាល់​គ្នា​ទៅ​ទី​ណា ទី​នោះ​នឹង​ត្រូវ​វិនាស​ហិន‌ហោច។ អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រក សេចក្ដី​សុខ‌សាន្ត​ទេ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះ កិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀច អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នក នឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ប្រញាប់ នឹង​រក​យុត្តិធម៌​ឲ្យ​យើង ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ភ្លាមៗ​ដែរ។ យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺ ផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹត យើង​រង់‌ចាំ​ថ្ងៃ​រះ ផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។ យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ តាម​ជញ្ជាំង យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ដូច​ដើរ​នៅ​ពេល​យប់ ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។ យើង​រអ៊ូ‌រទាំ​បញ្ចេញ​សំឡេង​ដូច​ខ្លា‌ឃ្មុំ និង​ថ្ងូរ​ឥត​ឈប់​ឈរ​ដូច​សត្វ​ព្រាប។ យើង​សង្ឃឹម​ថា​ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​យើង តែ​ព្រះអង្គ​មិន​រក​ឲ្យ​ទេ! យើង​រង់‌ចាំ​ព្រះ‌អម្ចាស់​សង្គ្រោះ តែ​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ពី​យើង!។ បពិត្រ​ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ អំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំ អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជានិច្ច យើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ក្បត់​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ជា​ពាក្យ​សម្ដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​រក​យុត្តិធម៌ ឲ្យ​យើង​ខ្ញុំ​ទេ ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំ គ្មាន​សេចក្ដី​ពិត​ទេ យើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។ សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ សូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់ ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។ ព្រះ‌អម្ចាស់​បាន​ទត​មើល​ការ​ទាំង​នេះ ហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់ គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។ ព្រះអង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើ ហើយ​ព្រះអង្គ​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល ព្រះអង្គ​ក៏​យាង​មក​សង្គ្រោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ និង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ធ្វើ​ជា​អាវ‌ក្រោះ ព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ និង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។ ព្រះអង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះអង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំង សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ដែរ។ ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច មនុស្ស‌ម្នា​នឹង​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេ ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​នឹង​យាង​មក​លោះ​ក្រុង​ស៊ីយ៉ូន និង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅ របស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត - នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី* ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​ព្រះ‌បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។