អេសាយ 58:3-8

អេសាយ 58:3-8 គខប

ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ទត​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។ អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះ ស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ? អ្នក​រាល់​គ្នា​ឱន​ក្បាល ដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់ អ្នក​រាល់​គ្នា​ក្រាប​លើ​បាវ និង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជា ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ? ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស ដែល​អ្នក​យក​មក​ដាក់​ច្រវាក់​ដោយ​អយុត្តិធម៌ ត្រូវ​ដោះ​នឹម​ដែល​អ្នក​ដាក់​លើ​គេ​នោះ​ចេញ ត្រូវ​ដោះ​លែង​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ឲ្យ​មាន​សេរី‌ភាព​ឡើង​វិញ ពោល​គឺ​ត្រូវ​បំបាក់​នឹម​គ្រប់​យ៉ាង។ ត្រូវ​ចែក​អាហារ​ឲ្យ​អ្នក​ស្រេក​ឃ្លាន ត្រូវ​ទទួល​ជន​ក្រីក្រ ដែល​គ្មាន​ទី​ជម្រក ឲ្យ​ស្នាក់​នៅ​ជា​មួយ។ បើ​ឃើញ​នរណា​ម្នាក់​គ្មាន​សម្លៀក‌បំពាក់ ត្រូវ​ចែក​ឲ្យ​គ្នា​ស្លៀក​ពាក់​ផង ហើយ​មិន​ត្រូវ​គេច​ខ្លួន​ពី​បងប្អូន​ណា ដែល​មក​ពឹង​ពាក់​អ្នក​ឡើយ។ បើ​ប្រព្រឹត្ត​ដូច្នេះ ពន្លឺ​របស់​អ្នក នឹង​លេច​ចេញ​មក​ដូច​ថ្ងៃ​រះ ស្នាម​របួស​របស់​អ្នក​នឹង​បាន​ជា​យ៉ាង​ឆាប់​រហ័ស សេចក្ដី​សុចរិត​របស់​អ្នក នឹង​ស្ថិត​នៅ​ពី​មុខ​អ្នក​ជានិច្ច ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ក៏​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ដែរ។