អេសាយ 57:1-21

អេសាយ 57:1-21 គខប

មនុស្ស​សុចរិត​កំពុង​តែ​វិនាស តែ​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់ មនុស្ស​ល្អ​បាត់​បង់​ជីវិត តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​សោះ មនុស្ស​សុចរិត​អន្តរាយ ដោយ​មនុស្ស​អាក្រក់​ធ្វើ​បាប។ ប៉ុន្តែ សន្តិ‌ភាព​នឹង​មក​ដល់ អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ នឹង​បាន​សម្រាក​យ៉ាង​សុខ‌សាន្ត។ រីឯ​អ្នក​រាល់​គ្នា​ដែល​ជា​កូន​របស់​មេ​ធ្មប់ ជា​ពួក​ក្បត់​ព្រះ‌ជាម្ចាស់ ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ ចូរ​នាំ​គ្នា​ចូល​មក! តើ​អ្នក​រាល់​គ្នា​កំពុង​ចំអក​ឲ្យ​នរណា? តើ​អ្នក​រាល់​គ្នា​ហា​មាត់​យ៉ាង​ធំ ហើយ​លៀន​អណ្ដាត​ដាក់​នរណា? អ្នក​រាល់​គ្នា​ពិត​ជា​កូន​បះ‌បោរ និង​ពូជ​អ្នក​កុហក​មែន! អ្នក​រាល់​គ្នា​ថ្វាយ‌បង្គំ​អារក្ស​ព្រៃ នៅ​ក្រោម​ដើម​ឈើ​សក្ការៈ អ្នក​រាល់​គ្នា​សម្លាប់​កូន​ចៅ​ធ្វើ​យញ្ញ‌បូជា នៅ​តាម​ជ្រោះ និង​នៅ​តាម​ក្រហែង​ថ្ម។ អ្នក​រាល់​គ្នា​ចាត់​ទុក​ថ្ម​ដ៏​រលើប​នៅ​ក្នុង​ជ្រោះ​ថា ជា​សម្បត្តិ និង​ជា​ចំណែក​មត៌ក​ដ៏​សក្ការៈ អ្នក​រាល់​គ្នា​ច្រួច‌ស្រា និង​សែន​នៅ​លើ​នោះ។ តើ​ឲ្យ​យើង​អត់​ទ្រាំ​បាន​ឬ? អ្នក​ធ្វើ​ពិធី​រួម​បវេណី​សក្ការៈ​នៅ​លើ​ភ្នំ​ខ្ពស់ៗ អ្នក​ក៏​ឡើង​ទៅ​ធ្វើ​យញ្ញ‌បូជា​លើ​ភ្នំ​នោះ​ដែរ។ អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែង‌ក្លាយ ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ ដែល​អ្នក​ស្រឡាញ់ ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។ អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុក អ្នក​ចាត់​ពួក​នាំ​សារ​ឲ្យ​ទៅ​ឆ្ងាយៗ គឺ​រហូត​ទៅ​ដល់​ស្ថាន​មច្ចុរាជ ។ អ្នក​ធ្វើ​ដំណើរ​រហូត​ទាល់​តែ​នឿយ‌ហត់ តែ​អ្នក​មិន​ព្រម​ឈប់​ទេ គឺ​អ្នក​ខំ​ប្រឹង‌ប្រែង ពុះ‌ពារ​ត​ទៅ​មុខ​ទៀត។ តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង ហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ? អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ? យើង​នឹង​លាត​ត្រដាង​អំពើ​ដែល​អ្នក​ប្រព្រឹត្ត អំពើ​ដែល​អ្នក​ចាត់​ទុក​ថា​សុចរិត​នោះ ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​សោះ​ឡើយ។ ពេល​អ្នក​ស្រែក​អង្វរ​ករ ឲ្យ​រូប​ព្រះ​ទាំង​នោះ​រំដោះ​អ្នក​ទៅ! រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ រីឯ​អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​យើង នឹង​គ្រប់‌គ្រង​ស្រុក​ទេស​ទុក​ជា​មត៌ក ហើយ​ក៏​នឹង​បាន​ទទួល​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង ទុក​ជា​កម្មសិទ្ធិ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវ ចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវ របស់​ប្រជា‌ជន​យើង! ដ្បិត​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​គង់​នៅ អស់‌កល្ប​ជានិច្ច ហើយ​ដែល​មាន​ព្រះ‌នាម​ដ៏វិសុទ្ធ​បំផុត មាន​ព្រះ‌បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។ យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេ ហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរ បើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្កើត​មក មុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។ យើង​បាន​ខឹង​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ព្រោះ​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់ យើង​បាន​ដាក់​ទោស​ពួក​គេ យើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ប្រជា‌ជន​ដ៏​រឹង‌រូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាម ទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។ យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់ តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយ យើង​នឹង​ដឹក​នាំ​គេ ព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជន ដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន! រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយ ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ សព្វ​បែប​យ៉ាង​មក។ ព្រះ​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា: មនុស្ស​អាក្រក់​មិន​បាន​សេចក្ដី​សុខ‌សាន្ត​ទេ។