អេសាយ 53:3-11

អេសាយ 53:3-11 គខប

លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។ តាម​ពិត លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​លោក។ រីឯ​យើង​វិញ យើង​ស្មាន​ថា ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​លោក ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។ ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណ‌កម្ម ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្ត ហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។ កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែ​ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ លោក​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម លោក​បន្ទាប​ខ្លួន មិន​ហើប​មាត់​ទាល់​តែ​សោះ ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។ គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​រវី‌រវល់​យក​ចិត្ត​ទុក​ដាក់ នឹង​ពូជ‌ពង្ស​របស់​លោក​ឡើយ។ គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​លោក។ ទោះ​បី​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដី ក៏​គេ​បញ្ចុះ​សព​លោក​ក្នុង​ចំណោម​មនុស្ស​ពាល និង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​បម្រើ របស់​ព្រះអង្គ​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​លោក​បាន​បូជា​ជីវិត ធ្វើ​ជា​យញ្ញ‌បូជា​លោះ​បាប​សម្រាប់​អ្នក​ដទៃ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ពូជ‌ពង្ស ព្រះអង្គ​នឹង​បន្ត​អាយុ​ជីវិត​របស់​លោក ហើយ​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ​តាម​រយៈ​លោក។ “ក្រោយ​ពី​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​មក ជីវិត​របស់​អ្នក​បម្រើ​នឹង​មាន​ពន្លឺ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ស្គាល់ ចំណេះ​ដឹង​របស់​លោក។ អ្នក​បម្រើ​របស់​យើង​សុចរិត លោក​ក៏​ប្រោស​មហា‌ជន​ឲ្យ​បាន​សុចរិត ដោយ​ទទួល​យក​កំហុស​របស់​ពួក​គេ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ