អេសាយ 51:1-16

អេសាយ 51:1-16 គខប

អស់​អ្នក​ដែល​ខិត‌ខំ ស្វែង​រក​សេចក្ដី​សុចរិត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​ស្ដាប់​យើង! ចូរ​រំពឹង​គិត​ថា តើ​ព្រះអង្គ​យក​ថ្ម‌ដា​ណា​មក​ដាប់​ធ្វើ​អ្នក​រាល់​គ្នា ព្រះអង្គ​យក​ដី​ឥដ្ឋ​ណា​មក​សូន​ធ្វើ​អ្នក​រាល់​គ្នា? “ចូរ​រំពឹង​គិត​ពី​អប្រាហាំ ជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ ពេល​យើង​ហៅ​អប្រាហាំ​មក គាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។ យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅ កើន​ចំនួន​ឡើង​ជា​ច្រើន”។ មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។ ប្រជា‌ជន​របស់​យើង​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់​យើង! ប្រជា‌ជាតិ​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង! ដ្បិត​យើង​នឹង​បង្កើត​ក្រឹត្យ‌វិន័យ យើង​នឹង​ឲ្យ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មក ជា​ពន្លឺ​បំភ្លឺ​ប្រជា‌ជន​ទាំង‌ឡាយ។ សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ យើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានា ដោយ​បារមី​របស់​យើង មនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។ ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ រួច​ក្រឡេក​មើល​មក​ផែនដី​នេះ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង ផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​សាប‌សូន្យ​ឡើយ។ អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស ដូច​សម្លៀក‌បំពាក់ និង​រោម​ចៀម ត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញ តែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួត ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅ ប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែល ព្រះអង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។ ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះ នឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញ ពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូន ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណរ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន ពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរ លែង​មាន​ទៀត​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។ អ្នក​ភ្លេច​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក គឺ​ព្រះអង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​ឡើយ។ បន្តិច​ទៀត អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាព គេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេ គេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើក ព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោក យើង​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។