អេសាយ 5
5
ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់
1 ខ្ញុំសូមច្រៀងបទមួយ ក្នុងនាមមិត្តរបស់ខ្ញុំ
ជាបទចម្រៀងស្ដីអំពីមិត្តសម្លាញ់របស់ខ្ញុំ
និងចម្ការទំពាំងបាយជូររបស់គាត់។
មិត្តសម្លាញ់របស់ខ្ញុំមាន
ចម្ការទំពាំងបាយជូរមួយ
នៅលើជម្រាលភ្នំដែលមានជីជាតិល្អ
2គាត់បានកាប់គាស់ដី រើសដុំថ្មចេញ
ហើយដាំទំពាំងបាយជូរពូជល្អបំផុត។
គាត់បានសង់ខ្ទម
និងជីកកន្លែងបញ្ជាន់ផ្លែ
នៅកណ្ដាលចម្ការនោះ
គាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះ
បែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។
3មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖
អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ
សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូររបស់ខ្ញុំផង។
4ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ
នេះហើយ តើនៅខ្វះអ្វីទៀត?
ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ
តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ
ផ្លែមិនល្អទៅវិញដូច្នេះ?
5ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង
អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ
គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ
ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
6ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល
គេបោះបង់ចោល គ្មានអ្នកណាលួសមែក
គ្មានអ្នកណាជ្រួយដីទៀតឡើយ
គឺមានតែរពាក់ បន្លាដុះពាសពេញ
ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង
មកលើចម្ការនេះតទៅទៀតឡើយ។
7ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់
នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែល
ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់
គឺប្រជាជនយូដា។
ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង
ប្រព្រឹត្តអំពើយុត្តិធម៌
តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត
ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង
ប្រព្រឹត្តអំពើសុចរិត
តែព្រះអង្គបែរឮស្នូរសម្រែក
របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
ទុក្ខទោសរបស់អស់អ្នកដែលបានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ
8អស់អ្នកដែលរឹបអូសយកផ្ទះគេ
មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន!
អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង
ក៏ត្រូវវេទនាដែរ!
ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង
លែងមានដីទៀត
ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់
តែពួកគេប៉ុណ្ណោះ។
9ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់
ផ្ទះដ៏ស្កឹមស្កៃទាំងនេះ
នឹងគ្មានមនុស្សនៅទៀតទេ។
10ចម្ការទំពាំងបាយជូរបីហិកតា
នឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រ
ស្រូវពូជដែលព្រោះទៅមួយរយគីឡូ
បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
11អស់អ្នកដែលក្រោកឡើងពីព្រលឹម
ស្វែងរកស្រាខ្លាំង
ហើយគិតតែផឹករហូតដល់អធ្រាត្រ
មុខជាត្រូវវេទនាពុំខាន!
12ពួកគេគិតតែពីផឹកស្រាសប្បាយ
ដោយមានសំឡេងពិណ និងចាប៉ី
ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ
ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល
ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា
ព្រះអង្គកំពុងសម្រេចការអ្វីទេ។
13ហេតុនេះហើយបានជាខ្មាំងនឹងកៀរ
ប្រជារាស្ត្ររបស់យើងនាំយកទៅជាឈ្លើយ
ដ្បិតពួកគេមិនយល់អ្វីទាំងអស់។
អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ
ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
14ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ
មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ
លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច
នៅក្រុងយេរូសាឡឹម។
15មនុស្សលោកនឹងត្រូវអាប់ឱន
គេនឹងដួលផ្កាប់មុខដល់ដី
មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។
16 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្តែង
ភាពថ្កុំថ្កើងរបស់ព្រះអង្គ
ដោយវិនិច្ឆ័យទោសពួកគេ
ព្រះដ៏វិសុទ្ធនឹងសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ
ដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
17ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក
ដូចនៅតាមវាលស្មៅ
ហើយពពែដែលគេបំប៉ន
ក៏មកស៊ីស្មៅនៅតាមនោះដែរ។
18អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប
ដូចគោខំប្រឹងទាញរទេះ
មុខជាត្រូវវេទនាពុំខាន
ព្រោះគេនឹងទទួលទោស
តាមអំពើដែលខ្លួនប្រព្រឹត្ត។
19ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញ
កិច្ចការរបស់ព្រះអង្គឲ្យឆាប់ៗទៅ
ដើម្បីឲ្យយើងបានឃើញផង!
សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ៗ
ដើម្បីឲ្យយើងបានស្គាល់ផង!»។
20អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ
ហៅអំពើល្អថាអាក្រក់
ចាត់ទុកភាពងងឹតថាជាពន្លឺ
ចាត់ទុកពន្លឺថាជាភាពងងឹត
ហើយចាត់ទុកការជូរចត់ថាជាការសប្បាយ
ចាត់ទុកការសប្បាយថាជាការជូរចត់
មុខជាត្រូវវេទនាពុំខាន!
21អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា
ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង
មុខជាត្រូវវេទនាពុំខាន!
22អស់អ្នកដែលពូកែខាងផឹកស្រា
ហើយជាជើងឯកខាងបិតស្រាខ្លាំង
មុខជាត្រូវវេទនាពុំខាន!
23ពួកគេទទួលសំណូក
ហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោស
និងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។
24ហេតុនេះ ពួកគេនឹងរលួយទាំងឫស
ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី
ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ
ឬដូចចំបើងត្រូវភ្លើងឆេះដែរ
ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ
របស់ព្រះអម្ចាស់នៃពិភពទាំងមូល
ហើយមាក់ងាយព្រះបន្ទូលរបស់
ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
25ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់
ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ
ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ
ហើយនឹងមានសាកសពដូចជាសំរាម
នៅពាសពេញតាមដងផ្លូវ។
ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់
ព្រះអង្គនៅតែមិនស្ងប់ដែរ
ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
26ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ
ដែលនៅឆ្ងាយៗ
ព្រះអង្គធ្វើសញ្ញាហៅពួកគេ
ពីស្រុកដាច់ស្រយាលនៃផែនដី
ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
27ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់
គ្មាននរណាម្នាក់បាក់កម្លាំង
ហើយក៏គ្មាននរណាម្នាក់ងោកងុយ
ឬដេកលង់លក់ដែរ។
គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ
ឬស្រាយខ្សែស្បែកជើងសោះឡើយ។
28ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច
ធ្នូរបស់គេនៅត្រៀមជាស្រេច
ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប
កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។
29សម្រែករបស់គេប្រៀបបាននឹងសម្រែកសត្វសិង្ហ
គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម
ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ
ឲ្យរួចបានឡើយ។
30ក៏ប៉ុន្តែ នៅគ្រានោះ
នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ
បក់បោកមកលើប្រជាជាតិនេះ។
ពេលក្រឡេកមើលស្រុកនោះ
គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់
ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ
ឲ្យប្រែទៅជាងងឹតវិញ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.