អេសាយ 48:12-22

អេសាយ 48:12-22 គខប

កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​យើង​ត្រាស់​ហៅ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត។ យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់ យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ឫទ្ធិ‌បារមី​របស់​យើង យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។ ប្រជា‌ជន​ទាំង​មូល​អើយ ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ! មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន ព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ ស្រប​តាម​បំណង​របស់​យើង។ ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ តើ​ព្រះ​ណា​បាន​ប្រាប់ ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។ គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។ ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ! តាំង​ពី​ដើម​ដំបូង​រៀង​មក យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។ ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ - ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ ព្រះអង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នក មាន​ព្រះ‌បន្ទូល​ថា: យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន ប្រយោជន៍​ដល់​អ្នក យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​អ្នក​កំពុង​តែ​ដើរ។ ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម បទ‌បញ្ជា​ដែល​យើង​បង្គាប់ នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក ដូច​ទឹក​ទន្លេ។ ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នក ដូច​រលក​សមុទ្រ។ ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។ ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។ ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា សម្រាប់​ពួក​គេ ព្រះអង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។