អេសាយ 44:1-28

អេសាយ 44:1-28 គខប

កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស​រើស​អើយ ឥឡូវ​នេះ ចូរ​ស្ដាប់​យើង! ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន ​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។ កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។ ពេល​នោះ ម្នាក់​ពោល​ថា ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា “ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់” ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។ តើ​មាន​ព្រះ​ណា​ដូច​យើង? ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក! គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន តាំង​ពី​អស់‌កល្ប​រៀង​មក ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។ កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ច អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ ក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ? ទេ! គ្មាន​ថ្ម‌ដា​ណា​ទៀត​ឡើយ យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។ អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ រីឯ​ស្នា‌ដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃ ក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។ រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេ តែ​ជា​សាក្សី​ដែល​មិន​ចេះ​មើល ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។ អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា ដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះ ពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន! រីឯ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះ នឹង​ត្រូវ​អាម៉ាស់ ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា ឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅ ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។ ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។ អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។ ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ និង​គូរ​រូប​ពី​លើ ហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះ តាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្ស រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។ គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។ គេ​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។ មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស សម្រាប់​កម្ដៅ​ផ្ទះ និង​ចម្អិន​ម្ហូប​អាហារ។ គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះ សម្រាប់​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព​បូជា។ គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចម្អែត​ក្រពះ ហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយ ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។ រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា រូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំ គេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា “សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ!”។ អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត និង​ពិចារណា រួច​ពោល​ថា “ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។ គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យ វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។ រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ ជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។ អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រា‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ! យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។ ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់ លោក​យ៉ាកុប​ហើយ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ដែល​បាន​លោះ​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់ យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។ យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​គ្រូ‌ហោរ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។ យើង​បំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។ យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។ យើង​និយាយ​អំពី​ស្ដេច​ស៊ីរូស​ថា អ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែង‌តាំង។ គាត់​នឹង​បំពេញ​អ្វីៗ​តាម​ចិត្ត ដែល​យើង​ប្រាថ្នា​ចង់​បាន គាត់​នឹង​បញ្ជា​ឲ្យ​គេ​សង់​ក្រុង​យេរូ‌សាឡឹម និង​ព្រះ‌វិហារ​ឡើង​វិញ”។