អេសាយ 42:5-10

អេសាយ 42:5-10 គខប

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។ យើង​មាន​នាម​ថា ព្រះ‌អម្ចាស់ យើង​មិន​ប្រគល់​សិរី‌រុងរឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ! មើល​ចុះ! ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន នៅ​គ្រា​ដំបូង បាន​សម្រេច​ជា​រូប​រាង​អស់​ហើយ យើង​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ហេតុ‌ការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​មុន ហេតុ‌ការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​សមុទ្រ កោះ​ទាំង‌ឡាយ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​អើយ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!