អេសាយ 42:1-9

អេសាយ 42:1-9 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​ការ​វិនិច្ឆ័យ។ លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។ លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន! លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់‌ចាំ​ទទួល​វិន័យ​ពី​លោក។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។ យើង​មាន​នាម​ថា ព្រះ‌អម្ចាស់ យើង​មិន​ប្រគល់​សិរី‌រុងរឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ! មើល​ចុះ! ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន នៅ​គ្រា​ដំបូង បាន​សម្រេច​ជា​រូប​រាង​អស់​ហើយ យើង​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ហេតុ‌ការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​មុន ហេតុ‌ការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។