អេសាយ 40:9-31

អេសាយ 40:9-31 គខប

ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មក ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី ដើម្បី​គ្រង​រាជ្យ។ ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះអង្គ។ ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។ តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ? តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ? តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ? តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​បញ្ញា​ឈ្លាស​វៃ? ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង ពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។ កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដី ដែល​ផាត់​ទៅ​តាម​ខ្យល់។ ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សម្រាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះអង្គ​ដែរ។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។ តើ​អ្នក​រាល់​គ្នា​ចង់​ប្រៀប​ប្រដូច​ព្រះ‌ជាម្ចាស់ ទៅ​នឹង​ព្រះ​ណា? តើ​អ្នក​រាល់​គ្នា​យក​អ្វី​មក​តំណាង​ព្រះអង្គ? អ្នក​រាល់​គ្នា​ប្រដូច​ព្រះអង្គ ទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ឬ? ទេ! គឺ​ជាង​ទេ​តើ ដែល​សូន​ធ្វើ​រូប​ព្រះ​ទាំង​នោះ ជាង​មាស​យក​មាស​មក​ស្រោប​រូប​នោះ ព្រម​ទាំង​ធ្វើ​ខ្សែ​ក​ប្រាក់​ពាក់​ឲ្យ​ទៀត​ផង។ រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម ហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណាន ឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។ តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ ផែនដី​នេះ​ទេ​ឬ? ព្រះអង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាស ទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដី ឃើញ​មនុស្ស​ដូច​សត្វ​ស្រមោច ព្រះអង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃ ដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំង ព្រះអង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ ដូច​ដំឡើង​ព្រះ‌ពន្លា។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយ ទៅ​ជា​ឥត​ប្រយោជន៍ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះ ទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដី ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ក៏​ស្វិត​ក្រៀម​អស់ រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។ ព្រះ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន? ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ? គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះ ឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កង‌ទ័ព ព្រះអង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយ‌សារ​មហិទ្ធិ‌ឫទ្ធិ និង​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។ ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ! ម្នាល​ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖ ព្រះ‌អម្ចាស់​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឡើយ។ តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ ដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។ ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។