អេសាយ 40:25-31

អេសាយ 40:25-31 គខប

ព្រះ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើង ទៅ​នឹង​នរណា? តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន? ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ? គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះ ឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កង‌ទ័ព ព្រះអង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយ‌សារ​មហិទ្ធិ‌ឫទ្ធិ និង​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។ ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ! ម្នាល​ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖ ព្រះ‌អម្ចាស់​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេ ព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឡើយ។ តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ ដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។ ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។