តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ? អ្នករាល់គ្នាប្រដូចព្រះអង្គ ទៅនឹងព្រះក្លែងក្លាយឬ? ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ ជាងមាសយកមាសមកស្រោបរូបនោះ ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។ រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់ គេជ្រើសរើសយកឈើខ្លឹម ហើយរកជាងមួយរូបដ៏ចំណាន ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។ តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ? តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ? តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងមកទេឬ? តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់ ផែនដីនេះទេឬ? ព្រះអង្គដែលគង់នៅពីលើលំហអាកាស ទ្រង់ទតមើលមនុស្សនៅលើផែនដី ឃើញមនុស្សដូចសត្វស្រមោច ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់ ដូចដំឡើងព្រះពន្លា។ ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ ទៅជាឥតប្រយោជន៍ ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន នៅលើផែនដីទៅជាឥតបានការ។ អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។ ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន? ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។ ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ! ម្នាលប្រជាជនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖ ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។ តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯព្រះតម្រិះរបស់ព្រះអង្គ ក៏គ្មាននរណាអាចស្ទង់បានដែរ។ ព្រះអង្គប្រទានកម្លាំងពលំ ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។ ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
អាន អេសាយ 40
ស្ដាប់នូវ អេសាយ 40
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 40:18-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ