អេសាយ 40:1-17

អេសាយ 40:1-17 គខប

ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ជួយ​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​យើង កុំ​បង្អង់​ឡើយ! ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។ មាន​សំឡេង​មួយ​ស្រែក​ថា៖ «នៅ​វាល​រហោ‌ស្ថាន ចូរ​បើក​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​កាប់​ឆ្ការ​ព្រៃ​របោះ​ធ្វើ​ផ្លូវ​ថ្វាយ​ព្រះ​នៃ​យើង ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង‌ឡាយ ហើយ​ពង្រាប​ភ្នំ​តូច​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប កន្លែង​ណា​មាន​ដី​ខ្ពស់​ទាប ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​វាល​រាប​ស្មើ កន្លែង​ណា​រដិប‌រដុប​ក៏​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ផង​ដែរ។ ពេល​នោះ ព្រះ‌អម្ចាស់​នឹង​សម្តែង​សិរី‌រុងរឿង ឲ្យ​មនុស្ស​លោក​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ»។ មាន​សំឡេង​មួយ​បង្គាប់​ថា៖ «ចូរ​ស្រែក​ប្រកាស​ចុះ!» សំឡេង​មួយ​ទៀត​សួរ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ស្រែក​ប្រកាស​អំពី​រឿង​អ្វី?»។ «មនុស្ស​លោក​ប្រៀប​ដូច​ជា​ស្មៅ រីឯ​អំពើ​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​ដូច​ជា​ផ្កា​ដែល​ដុះ​តាម​វាល​ស្មៅ។ នៅ​ពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន​ដែរ។ ប្រជា‌រាស្ត្រ​នេះ​ប្រៀប​បាន​នឹង​ស្មៅ។ ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច»។ ក្រុង​ស៊ីយ៉ូន​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់! ក្រុង​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ដំណឹង‌ល្អ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ខ្លាច​អ្វី​ឡើយ! ចូរ​ប្រាប់​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ថា: មើល​ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! មើល​ហ្ន៎ ព្រះ‌ជា‌អម្ចាស់​យាង​មក ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​យាង​មក​ប្រកប​ដោយ​ព្រះ‌បារមី ដើម្បី​គ្រង​រាជ្យ។ ព្រះអង្គ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​លោះ មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរនៅ​ខាង​មុខ​ព្រះអង្គ។ ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។ តើ​នរណា​យក​ដៃ​ក្បង់​ទឹក​សមុទ្រ​មក​វាល់ ហើយ​យក​បាត​ដៃ​វាស់​ទំហំ​ផ្ទៃ​មេឃ? តើ​នរណា​យក​រង្វាល់​មក​វាល់​ធូលី ហើយ​ថ្លឹង​ទម្ងន់​ភ្នំ​ធំ​តូច​ទាំង‌ឡាយ? តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ? តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ? តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​បញ្ញា​ឈ្លាស​វៃ? ប្រជា‌ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា ដំណក់​ទឹក​ដែល​ធ្លាក់​ទៅ​ក្នុង​ពាង ពួក​គេ​មាន​តម្លៃ​ដូច​ធូលី​ដី​នៅ​លើ​ជញ្ជីង។ កោះ​ទាំង‌ឡាយ​ប្រៀប​បាន​នឹង​ធូលី​ដី ដែល​ផាត់​ទៅ​តាម​ខ្យល់។ ព្រៃ​ឈើ​នៅ​ស្រុក​លីបង់​ពុំ​មាន​ច្រើន​ល្មម សម្រាប់​ធ្វើ​ជា​អុស ហើយ​សត្វ​ដែល​នៅ​ក្នុង​ព្រៃ​នោះ​ក៏​ពុំ​មាន​ច្រើន ល្មម សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះអង្គ​ដែរ។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។