នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនលោកអម៉ូស មកគាល់ព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្ដែផ្ដាំព្រះរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនអាចរស់រានតទៅទៀតបានទេ គឺព្រះករុណាជិតសោយទិវង្គតហើយ»។ ព្រះបាទហេសេគាបែរព្រះភ័ក្ត្រទៅរកជញ្ជាំង ហើយទូលអង្វរព្រះអម្ចាស់ដូចតទៅ៖ «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចថា ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ!»។ ព្រះបាទហេសេគាបង្ហូរជលនេត្រយ៉ាងខ្លាំង។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយដូចតទៅ៖ «ចូរវិលទៅប្រាប់ស្ដេចហេសេគាថា ព្រះអម្ចាស់ ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី យើងក៏នឹងការពារក្រុងនេះដែរ”»។ លោកអេសាយទូលស្ដេចវិញថា៖ «ព្រះអម្ចាស់នឹងប្រទានទីសម្គាល់មួយ ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់មុខជាសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺព្រះអង្គនឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអហាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយក៏ថយក្រោយវិញដប់កាំមែន។ ក្រោយពេលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា បានជាសះស្បើយពីជំងឺវិញ ស្ដេចក៏លើកទំនុកតម្កើង ព្រះអម្ចាស់ដូចតទៅ: «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ ហើយខ្ញុំត្រូវលាចាកលោកនេះ ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត ដែលនៅសល់នៅស្ថាននោះ។ ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញព្រះភ័ក្ត្ររបស់ ព្រះអម្ចាស់ក្នុងពិភពរបស់មនុស្សទៀតហើយ ហើយនៅក្នុងពិភពនេះ ខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។ ជីវិតខ្ញុំ ត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅ ដូចគង្វាលរើជំរំរបស់គេ ព្រះអម្ចាស់ធ្វើឲ្យជីវិតខ្ញុំត្រូវចប់ នៅពេលល្ងាច ដូចជាងតម្បាញមូរក្រណាត់ ដែលគាត់បានត្បាញហើយនោះដែរ។ ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំ ព្រះអម្ចាស់អើយ ចាប់ពីថ្ងៃដល់យប់ ព្រះអង្គនឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។ ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ទូលបង្គំផង! តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំទូលទៅព្រះអង្គដូចម្ដេចខ្លះ? ព្រះអង្គទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។ ព្រះអម្ចាស់អើយ មនុស្សមានជីវិត ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ទូលបង្គំនៅមានដង្ហើមចេញចូល ក៏ដោយសារតែព្រះហឫទ័យសប្បុរសនេះដែរ ព្រះអង្គប្រោសប្រទានឲ្យទូលបង្គំ មានកម្លាំង និងមានជីវិតឡើងវិញ។ ឥឡូវនេះ ចិត្តជូរចត់របស់ទូលបង្គំ ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតព្រះអង្គផ្ទាល់សព្វ ព្រះហឫទ័យស្រង់ជីវិតទូលបង្គំ ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ ព្រះអង្គលែងនឹកនាពីអំពើបាបរបស់ទូលបង្គំ ទៀតហើយ។ ក្នុងស្ថានមនុស្សស្លាប់ គ្មាននរណាអាចលើកតម្កើងព្រះអង្គបានឡើយ មច្ចុរាជក៏ពុំអាចសរសើរតម្កើងព្រះអង្គ ហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ ក៏ពុំអាចសង្ឃឹមលើព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គបានទៀតដែរ។ មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងព្រះអង្គ ដូចទូលបង្គំលើកតម្កើងព្រះអង្គនៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង្គ្រោះទូលបង្គំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងព្រះដំណាក់របស់ព្រះអង្គ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។ បន្ទាប់មក លោកអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ព្រះករុណាទៅ នោះស្ដេចនឹងបានជាសះស្បើយមិនខាន»។ ពេលនោះ ព្រះបាទហេសេគាមានរាជឱង្ការសួរថា៖ «តើមានទីសម្គាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់បាន?»។
អាន អេសាយ 38
ស្ដាប់នូវ អេសាយ 38
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 38:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ