អេសាយ 30:15-21

អេសាយ 30:15-21 គខប

ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​បែរ​មក​រក​យើង​វិញ ហើយ​នៅ​ស្ងប់​ស្ងៀម នោះ​យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​ស្ងប់​ស្ងៀម ហើយ​ទុក​ចិត្ត​លើ​យើង នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មាន​កម្លាំង! ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ព្រម​ឡើយ។ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា «ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!» ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។ អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា «រទេះ​ចម្បាំង​របស់​យើង​បរ​លឿន​ណាស់» ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។ ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែង អ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​ឲ្យ​រត់​ប្រាស​អាយុ ខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា រត់​អស់​គ្មាន​សល់។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​សល់​ពី​ស្លាប់ មាន​គ្នា​តិច​ណាស់ គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំ ឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។ ប៉ុន្តែ ព្រះ‌អម្ចាស់​រង់‌ចាំ​ពេល​ដែល​ព្រះអង្គ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ ប្រាកដ​ជា​មាន​សុភមង្គល​ពុំ‌ខាន។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​នឹង​លែង​យំ​សោក​ទៀត​ហើយ! ពេល​ណា​អ្នក​ស្រែក​ហៅ​រក​ព្រះអង្គ ព្រះអង្គ​នឹង​ប្រណី​សន្ដោស ពេល​ណា​ព្រះអង្គ​ឮ​សំឡេង​អ្នក ព្រះអង្គ​នឹង​ឆ្លើយ​តប​មក​អ្នក​ជា​មិន​ខាន។ នៅ​គ្រា​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ខ្វះ​ខាត ព្រះអង្គ​នឹង​ប្រទាន​ទឹក​ឲ្យ​អ្នក​រាល់​គ្នា។ ព្រះអង្គ​ដែល​បង្រៀន​អ្នក លែង​ពួន​នឹង​អ្នក​ទៀត​ហើយ អ្នក​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​ភ្នែក។ បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា «នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។