អេសាយ 29
29
ព្រះបន្ទូលស្ដីអំពីក្រុងយេរូសាឡឹម
1ក្រុងអើរាល ក្រុងអើរាល
ជាបុរីដែលស្ដេចដាវីឌបោះទ័ព
មុខជាត្រូវវេទនាពុំខាន!
ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី
2ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។
ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ
ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា
អាសនៈធ្វើយញ្ញបូជា ។
3យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នក
យើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នក
យើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។
4ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត
ពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដី
ពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដី
សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច
ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ
ក៏លេចឮពីធូលីដីមកដែរ។
5ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន
ច្រើនឥតគណនាដូចធូលីដី
សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា
កម្ទេចចំបើងដែលហុយឡើង។
6រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូល
យាងមកជួយអ្នក ដោយប្រើផ្គរលាន់
ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់
មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង
ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
7កងទ័ពដ៏ច្រើនឥតគណនា
របស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមក
ច្បាំង ឡោមព័ទ្ធ និងចង់កម្ទេច
យេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់
មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិ
និងដូចសុបិននិមិត្តនៅពេលយប់ដែរ។
8ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន
ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន
នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ
ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ
តែគេភ្ញាក់ឡើងក្រពះនៅទទេ។
អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន
កំពុងផឹកទឹក
តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
9ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ
ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ!
ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ
ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ
អំណាចរបស់គ្រឿងស្រវឹងណាដែរ
10 ដ្បិតព្រះអម្ចាស់បានធ្វើឲ្យ
វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់
ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការី
ព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
11ចំពោះអ្នករាល់គ្នា
អត្ថន័យនៃនិមិត្តហេតុដ៏អស្ចារ្យទាំងនេះ
ប្រៀបបាននឹងសេចក្ដីដែលមានចែងទុក
ក្នុងសៀវភៅមួយបិទត្រាជិត
ហើយគេយកទៅឲ្យមនុស្សម្នាក់ដែល
ចេះអក្សរ ទាំងពោលថា «ចូរអានទៅ!»
តែអ្នកនោះតបមកវិញថា «ខ្ញុំអានពុំកើតទេ
ព្រោះសៀវភៅនេះមានបិទត្រា!»។
12គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់
ទៀតដែលមិនចេះអក្សរ
ទាំងពោលថា «ចូរអានទៅ!»
តែអ្នកនោះតបមកវិញថា
«ខ្ញុំមិនចេះអក្សរទេ!»។
13 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ប្រជារាស្ត្រនេះចូលមកជិតយើង
ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី
និងបបូរមាត់ប៉ុណ្ណោះ
តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់
រីឯការដែលពួកគេគោរពកោតខ្លាចយើង
គ្រាន់តែជាទំនៀមទម្លាប់
ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
14 ហេតុនេះហើយបានជាយើងធ្វើឲ្យ
ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត
ដោយប្រើការអស្ចារ្យ
និងឫទ្ធិបាដិហារិយ៍ផ្សេងៗ
យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ
ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង
ប្រែជាឥតបានការទៅវិញ។
15អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់
ដើម្បីលាក់គម្រោងការរបស់ខ្លួន
មុខជាត្រូវវេទនាពុំខាន។
អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង
ទីលាក់កំបាំង ទាំងពោលថា
«គ្មាននរណាឃើញយើង
គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
16 អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង!
តើគេអាចចាត់ទុកដីឥដ្ឋ
ស្មើនឹងជាងស្មូនកើតឬ?
ក្អមមិនអាចនិយាយអំពីជាងស្មូនថា
«អ្នកនោះមិនបានសូនខ្ញុំមកទេ»
ថូក៏មិនអាចនិយាយអំពីជាងស្មូនថា
«គាត់គ្មានប្រាជ្ញា» ដែរ។
ពិភពលោកថ្មីដ៏ប្រសើររុងរឿង
17បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់
នឹងក្លាយទៅជាចម្ការដំណាំ
ហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។
18នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូល
ដែលមានចែងទុកនៅក្នុងគម្ពីរ
ហើយមនុស្សខ្វាក់នឹងមើលឃើញ
គឺគេរួចផុតពីភាពងងឹត
លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
19 ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាប
មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ
ហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
នឹងប្រោសឲ្យមនុស្សក្រីក្រ
បានត្រេកអរសប្បាយដ៏លើសលុបដែរ។
20ស្ដេចដែលកាន់អំណាចផ្ដាច់ការ
នឹងត្រូវវិនាសសូន្យ
ហើយអ្នកដែលមើលងាយព្រះជាម្ចាស់
ក៏នឹងសាបសូន្យអស់ដែរ។
អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ
នឹងត្រូវបាត់បង់ជីវិតជាពុំខាន
21ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ
ធ្វើឲ្យគេទទួលទោស
ពួកគេប្រើឧបាយកល
ធ្វើឲ្យចៅក្រមកាត់ក្ដីខុស
ហើយចោទប្រកាន់មនុស្សស្លូតត្រង់
ដោយគ្មានមូលហេតុត្រឹមត្រូវ។
22ហេតុនេះហើយបានជាព្រះអម្ចាស់
ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុប
និងជាព្រះដែលបានលោះលោកអប្រាហាំ
មានព្រះបន្ទូលថា
ចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុប
នឹងលែងអាម៉ាស់ទៀតហើយ
គេក៏លែងតក់ស្លុតទៀតដែរ
23ដ្បិតពេលណាកូនចៅរបស់គេឃើញ
កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត
ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់
នាមដ៏វិសុទ្ធរបស់យើង
ពួកគេនឹងទទួលស្គាល់ថា
យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប
ហើយពួកគេនឹងកោតខ្លាចយើង
ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
24ពេលនោះ ពួកដែលវង្វេងស្មារតី
បែរជាចាប់ផ្ដើមមានប្រាជ្ញា
ហើយអស់អ្នកដែលតែងតែរឹងចចេស
បែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 29: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.