អេសាយ 26:1-9

អេសាយ 26:1-9 គខប

នៅ​ថ្ងៃ​នោះ ក្នុង​ស្រុក​យូដា គេ​នឹង​ច្រៀង​បទ​ចម្រៀង​ដូច​ត​ទៅ: «យើង​មាន​ក្រុង​មួយ​ដ៏​រឹង‌មាំ ព្រះ‌អម្ចាស់​ប្រទាន​ការ​សង្គ្រោះ​មក​យើង ទុក​ជា​កំពែង និង​ជញ្ជាំង ការពារ​យើង។ ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិត ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង! ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍ ដល់​ប្រជា‌ជាតិ​នេះ ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជានិច្ច​ចុះ! ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ព្រះអង្គ​បន្ទាប​មនុស្ស​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​ផ្ដួល​រំលំ​ក្រុង​ដែល​ស្ថិត​នៅ​ទី​ខ្ពស់ៗ ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បង្ហាញ​ឲ្យ មនុស្ស​សុចរិត​ស្គាល់​មាគ៌ា​ដ៏​ទៀង​ត្រង់ ព្រះអង្គ​ពង្រាប​មាគ៌ា​របស់​មនុស្ស​សុចរិត ឲ្យ​រាប​ស្មើ។ ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ព្រះអង្គ​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ប៉ុណ្ណោះ។ នៅ​ពេល​យប់ ទូលបង្គំ​ចង់​នៅ​ជិត​ព្រះអង្គ ទូលបង្គំ​ក៏​ស្វែង​រក​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត​ដែរ។ ពេល​ព្រះអង្គ​ដាក់​ទោស​មនុស្ស​នៅ​លើ​ផែនដី ស្រប​តាម​ការ​វិនិច្ឆ័យ​របស់​ព្រះអង្គ ពួក​គេ​នឹង​ស្គាល់​សេចក្ដី​សុចរិត។