នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចម្រៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹងមាំ ព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។ ចូរបើកទ្វារឲ្យប្រជាជាតិដ៏សុចរិត ដែលមានចិត្តស្មោះស្ម័គ្រចូលផង! ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអង្គ។ ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ! ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ព្រះអង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ នឹងដើរជាន់ក្រុងនោះ»។ ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។ ឱព្រះអម្ចាស់អើយ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ យើងខ្ញុំដើរតាមមាគ៌ា ដែលព្រះអង្គបានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាម របស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។ ប្រសិនបើព្រះអង្គលើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ឡើយ។ ឱព្រះអម្ចាស់អើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ព្រះអង្គកំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលព្រះអង្គការពារ ប្រជារាស្ដ្ររបស់ព្រះអង្គ។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
អាន អេសាយ 26
ស្ដាប់នូវ អេសាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 26:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ