អេសាយ 19
19
ព្រះជាម្ចាស់នឹងដាក់ទោសស្រុកអេស៊ីប
1 សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប:
ព្រះអម្ចាស់យាងមកស្រុកអេស៊ីប
ដោយគង់លើពពកមួយដុំ
ដែលរសាត់យ៉ាងលឿន។
ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ
ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។
ព្រះអង្គមានព្រះបន្ទូលថា:
2«យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង
ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន
ក្រុងមួយច្បាំងនឹងក្រុងមួយ
ហើយនគរមួយច្បាំងនឹងនគរមួយទៀត។
3យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី
ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ
ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ
ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស
និងរកគ្រូទាយឲ្យជួយ។
4យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ
របស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹង
មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
5ទឹកសមុទ្រនឹងហួតបាត់អស់ទៅ
ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។
6ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់
ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក
ហើយរីងអស់ទៅ។
ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
7ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ
នឹងហិនហោចអស់គ្មានសល់!
អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល
ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
8ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ
ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ
ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។
9ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់
នឹងមានទឹកមុខស្លេកស្លាំង។
10អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស
នឹងបាត់បង់ទឹកចិត្ត
ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។
11ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ
រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន
ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ
តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា
“ទូលបង្គំជាពូជអ្នកប្រាជ្ញ
ជាពូជស្ដេចនៅជំនាន់ដើម”។
12ព្រះចៅផារ៉ោនអើយ
អ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា?
សូមឲ្យពួកគេទូលព្រះករុណាអំពី
ហេតុការណ៍ដែលព្រះអម្ចាស់នៃពិភពទាំងមូល
សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!
13ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា
ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ
គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ
ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប
ឲ្យវង្វេង។
14 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតី
ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់
វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក
ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
15នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
ជនជាតិអេស៊ីបនឹងថ្វាយបង្គំព្រះអម្ចាស់
16នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញព្រះអម្ចាស់នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។ 17ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំឭកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែលព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។
18គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ ហើយអ្នកក្រុងនោះស្បថស្បែថា គេនឹងគោរពបម្រើព្រះអម្ចាស់នៃពិភពទាំងមូល។ ក្រុងមួយក្នុងចំណោមក្រុងទាំងប្រាំ នឹងមានឈ្មោះថា “ក្រុងរបស់ព្រះអាទិត្យ” ។
19គ្រានោះ គេនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន 20ទុកជាសញ្ញាបញ្ជាក់ថា ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបអង្វរសូមព្រះអម្ចាស់ជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។ 21ព្រះអម្ចាស់នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់ព្រះអម្ចាស់ពិតមែន។ ពួកគេនឹងគោរពបម្រើព្រះអង្គ ដោយថ្វាយយញ្ញបូជា និងតង្វាយផ្សេងៗ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។ 22ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេឲ្យជា ពួកគេកែប្រែចិត្តគំនិតមករកព្រះអម្ចាស់ ហើយព្រះអង្គនឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យជាទៀតផង។
23នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើព្រះអម្ចាស់ជាមួយគ្នា។ 24នៅគ្រានោះ ជនជាតិអ៊ីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ព្រះពរ។ 25ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
ទើបបានជ្រើសរើសហើយ៖
អេសាយ 19: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.