អេសាយ 17
17
ព្រះបន្ទូលប្រឆាំងនឹងក្រុងដាម៉ាស និងស្រុកអ៊ីស្រាអែល
1 សេចក្ដីប្រកាសស្ដីអំពីក្រុងដាម៉ាស:
ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង
ទៀតហើយ
គឺក្លាយទៅគំនរបាក់បែក។
2ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ
បោះបង់ចោលរហូតតទៅ
គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក
នៅទីនោះ ឥតមាននរណារំខានវាឡើយ។
3នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារ
ហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។
រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវ
អាប់ឱនដូចជនជាតិអ៊ីស្រាអែលដែរ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
4នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់
កូនចៅលោកយ៉ាកុបនឹងត្រូវចុះឱនថយ
គេនឹងបាត់បង់ភោគទ្រព្យ
ហើយក្លាយទៅជាក្រខ្សត់។
5ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ
ដែលគេទើបនឹងច្រូតកាត់រួច
គ្មានអ្វីនៅសល់សោះ
គឺដូចវាលទំនាបរេផែម
នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
6មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះ
ដែលនៅសល់
គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹង
ដើមអូលីវដែលគេទើបនឹងបេះផ្លែរួច
នៅខាងចុងមានសល់ពីរបីផ្លែ
ហើយតាមមែកមានសល់បួនប្រាំផ្លែ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
7នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ 8គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
9នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ ។
10អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់
ដែលជាព្រះសង្គ្រោះរបស់អ្នក
អ្នកពុំបាននឹកឃើញព្រះ
ដែលជាកំពែងការពារអ្នកទេ។
ហេតុនេះហើយបានជាអ្នកដាំដំណាំ
សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
11នៅថ្ងៃដែលអ្នកដាំដំណាំ
អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។
នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ
វាក៏ចេញផ្កាភ្លាម។
ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះ
ផ្ទុយទៅវិញ មានតែការឈឺចាប់
គ្មានអ្វីព្យាបាលឲ្យជាបានទេ។
បរាជ័យរបស់ខ្មាំងសត្រូវ
12មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា
ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ
និងឮស្នូរសំឡេងសាសន៍ទាំងឡាយ
គគ្រឹកគគ្រេងដូចរលកសមុទ្រ
13សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង
គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង
ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ
ហើយពួកគេក៏រត់ចេញឆ្ងាយ
ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ
ផាត់បាត់អស់ទៅ និងដូចលម្អងផ្កា
ដែលត្រូវខ្យល់កួចយកទៅដែរ។
14នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់
មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។
នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់
និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
ទើបបានជ្រើសរើសហើយ៖
អេសាយ 17: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.