ហូសេ 8

8
អ៊ីស្រា‌អែល​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ
1ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន!
ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រី
មក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់
ដ្បិត​ប្រជា‌ជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី
របស់​យើង
ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។
2ពួក​គេ​ស្រែក​រក​យើង​ថា “ព្រះ​នៃ​ទូលបង្គំ​អើយ
យើង​ខ្ញុំ​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល
យើង​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ”។
3អ៊ីស្រា‌អែល​បាន​បោះ​បង់​ការ​ល្អ
ហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។
4ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើង
ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។
ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន
ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ
ដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។
5អ្នក​ក្រុង​សាម៉ារី​អើយ
ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។
កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ
អ្នក​ក្រុង​សាម៉ារី
តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ
ដោយ​ឥត​សៅហ្មង?
6រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែល
មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន​មែន​ជា​ព្រះ​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី
នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។
7ពួក​គេ​សាប​ព្រោះ​ខ្យល់
ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។
ស្រូវ​ស្កក គ្មាន​បាយ​ហូប
ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស
មក​លេប​យក​ទៅ​បាត់​ដែរ។
8អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ!
ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម
ប្រជា‌ជាតិ​នានា
ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។
9សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ
តែ​អេប្រាអ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ
ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។
10ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ
ប្រជា‌ជាតិ​នានា​ក្ដី
ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ
ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា
ក្រោម​អំណាច​ព្រះចៅ​អធិរាជ។
11អេប្រាអ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗ
ដើម្បី​ឲ្យ​រួច​ពី​បាប
តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង
ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!
12ទោះ​បី​យើង​បាន​ចែង​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​គេ
ច្រើន​យ៉ាង​ណា​ក្ដី
ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។
13ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើង
ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។
ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់
មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ
យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ
ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។
ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។
14អ៊ីស្រា‌អែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក
ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។
រីឯ​យូដា​វិញ គេ​សង់​ទីក្រុង
ដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើន
តែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេ
ព្រម​ទាំង​ឆេះ​កម្ទេច​វិមាន​របស់​ពួក​គេ​ផង។

ទើបបានជ្រើសរើសហើយ៖

ហូសេ 8: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល