ហូសេ 10:5-15

ហូសេ 10:5-15 គខប

អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព នៅ​បេត-‌អាវេន ប្រជា‌ជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជា រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។ ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ ពី​ចំណោម​ពួក​គេ។ គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី ថ្វាយ​ព្រះចៅ​អធិរាជ។ អេប្រាអ៊ីម​នឹង​ត្រូវ​អាម៉ាស់ អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ ព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន ។ អ្នក​ក្រុង​សាម៉ារី និង​ស្ដេច​របស់​គេ​ប្រៀប​បី​ដូច កម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក ។ ចំណែក​ឯ​ទីសក្ការៈ​ទាំង‌ឡាយ​នៅ​អាវេន ជា​កន្លែង​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។ រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។ ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា: ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង! ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា: ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។ ចាប់​តាំង​ពី​គ្រា​នៅ​គីបៀរ អ៊ីស្រា‌អែល​ចេះ​តែ ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។ ដូច្នេះ គួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបៀរ សម្រាប់​ដាក់​ទោស​ជន​ពាល! យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។ អេប្រាអ៊ីម​ប្រៀប​បាន​នឹង​គោ​ញី ដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ ពេល​យើង​ឃើញ ក​របស់​អេប្រាអ៊ីម​មាំ​ល្អ​ដូច្នេះ យើង​ទឹម​អេប្រាអ៊ីម យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ចូរ​នាំ​គ្នា​សាប​ព្រោះ​សេចក្ដី​សុចរិត អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្ដី‌ភាព​យ៉ាង​បរិបូណ៌! ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី! ដល់​ពេល​ត្រូវ​ស្វែង​រក​ព្រះ‌អម្ចាស់​ហើយ គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះអង្គ​យាង​មក ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់។ អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង និង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។ ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮ ក្នុង​កង‌ទ័ព​របស់​អ្នក ទីក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាល‌ម៉ាន បាន​បំផ្លាញ​ក្រុង​បេត-‌អើបេល នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម គេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។ នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។ នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​នឹង​ត្រូវ វិនាស​សូន្យ។