ហេប្រឺ 9:11-15

ហេប្រឺ 9:11-15 គខប

រីឯ​ព្រះ‌គ្រិស្ត​វិញ ព្រះអង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះអង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ ព្រះអង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយ​ក្នុង​ទីសក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជានិច្ច​ផង។ ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះ‌គ្រិស្ត​បាន​ថ្វាយ​ព្រះអង្គ​ផ្ទាល់​ទៅ​ព្រះ‌ជាម្ចាស់ ទុក​ដូច​ជា​យញ្ញ‌បូជា​ឥត​សៅ‌ហ្មង។ ហេតុ​នេះ ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។