ហេប្រឺ 7:7-28

ហេប្រឺ 7:7-28 គខប

ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​ឡើយ។ លោក​លេវី ដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។ យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។ មុខងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំបាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ដែរ។ រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ព្រះអង្គ​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ ។ យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជា‌ចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។ ប្រសិន​បើ​មាន​ការ​តែង‌តាំង​បូជា‌ចារ្យ​មួយ​រូប​ទៀត ដូច​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។ ព្រះអង្គ មិន​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ តាម​វិន័យ ដែល​ជា​បទ‌បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ព្រះអង្គ​បាន​ទទួល​មុខងារ​នេះ តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ​ថា «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។ ដូច្នេះ បទ‌បញ្ជា​ដែល​មាន​ពី​មុន​មក​ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។ លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​ព្រះ‌ជាម្ចាស់​ទ្រង់​បាន​ស្បថ គឺ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះអង្គ​ថា «“ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ជានិច្ច” ព្រះ‌អម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ព្រះអង្គ​នឹង​មិន​ប្រែ‌ប្រួល​ឡើយ» ។ ដូច្នេះ ដោយ​មាន​ព្រះ‌បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា ព្រះ‌យេស៊ូ​ធានា​រ៉ាប់‌រង​នូវ​សម្ពន្ធ‌មេត្រី*​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។ លើស​ពី​នេះ មាន​គ្នា​ជា​ច្រើន​បាន​ធ្វើ​បូជា‌ចារ្យ​តៗ​គ្នា ព្រោះ​ពួក​គេ​តែងតែ​ស្លាប់ ពុំ​អាច​ធ្វើ​បូជា‌ចារ្យ​ជា​អចិន្ត្រៃយ៍​ឡើយ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​មាន​មុខងារ​ជា​បូជា‌ចារ្យ ដែល​ពុំ​អាច​ផ្ទេរ​ទៅ​ឲ្យ​នរណា​ទេ ព្រោះ​ព្រះអង្គ​គង់​នៅ​អស់‌កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះអង្គ បាន​ជា​ស្ថាពរ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​រហូត ដើម្បី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ពួក​គេ។ មាន​តែ​មហា​បូជា‌ចារ្យ​ដ៏​ប្រសើរ​ដូច​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មហា​បូជា‌ចារ្យ​ដ៏វិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​ស្ថាន​បរម‌សុខ*​ទៅ​ទៀត។ ព្រះអង្គ​មិន​ត្រូវ​ការ​ថ្វាយ​យញ្ញ‌បូជា​រៀង​រាល់​ថ្ងៃ ដូច​មហា​បូជា‌ចារ្យ​ឯ​ទៀតៗ​ថ្វាយ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ថ្វាយ​ព្រះ‌កាយ​ព្រះអង្គ​ផ្ទាល់​ជា​យញ្ញ‌បូជា ម្ដង​ជា​សូរេច។ ក្រឹត្យ‌វិន័យ​បាន​តែង‌តាំង​មនុស្ស​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ រីឯ​ព្រះ‌បន្ទូល​សម្បថ ដែល​មាន​មក​តាម​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង‌តាំង​ព្រះ‌បុត្រា ដែល​គ្រប់​លក្ខណៈ​អស់‌កល្ប​ជានិច្ច ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ​វិញ។