ហេប្រឺ 7:1-12

ហេប្រឺ 7:1-12 គខប

ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ ជា​ព្រះ‌មហា‌ក្សត្រ​នៅ​ក្រុង​សាឡឹម និង​ជា​បូជា‌ចារ្យ*​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ស្ដេច​បាន​ទៅ​ជួប​លោក​អប្រាហាំ ដែល​វិល​មក​ពី​វាយ​ឈ្នះ​ស្ដេច​នានា ហើយ​ស្ដេច​ជូន​ពរ​លោក។ លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ព្រះរាជា​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។ ស្ដេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច​ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្ដេច​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។ សូម​បងប្អូន​ពិចារណា​មើល​ចុះ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចម្បាំង ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!។ អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជា‌ជន ស្រប​តាម​ក្រឹត្យ‌វិន័យ* គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។ ចំណែក​ឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ លោក​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ស្ដេច​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ ដែល​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា! ធម្មតា អ្នក​ទទួល​ពរ​មាន​ឋានៈ​តូច​ជាង​អ្នក​ឲ្យ​ពរ ត្រង់​ចំណុច​នេះ យើង​ពុំ​អាច​ប្រកែក​ឡើយ។ លោក​លេវី ដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។ យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។ មុខងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំបាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ដែរ។