ហេប្រឺ 12:4-11

ហេប្រឺ 12:4-11 គខប

បងប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ តែ​បងប្អូន​បែរ​ជា​ភ្លេច​ព្រះ‌បន្ទូល​ទូន្មាន​របស់​ព្រះ‌ជាម្ចាស់​មក​កាន់​បងប្អូន ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថា: «កូន​អើយ មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង ការ​វាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន» ។ បងប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះ‌ជាម្ចាស់​រាប់​បងប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ? ប្រសិន​បើ​បងប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បងប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។ ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។ ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះអង្គ​ដែរ។ ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេប្រឺ 12:4-11