ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវតា*រាប់លានរាប់កោដិ និងមានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រី*ថ្មី ហើយចូលមកជិតព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។ ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។ ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ «ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ» ។ ពាក្យ«ម្ដងនេះទៀត»បង្ហាញឲ្យឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេ ដែលនៅសល់។ ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។
អាន ហេប្រឺ 12
ស្ដាប់នូវ ហេប្រឺ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេប្រឺ 12:22-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ