ហេប្រឺ 12:18-24

ហេប្រឺ 12:18-24 គខប

បងប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ ហើយ​បងប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​ទេ គឺ​ថាៈ «នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ» ។ នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ «ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង» ។ ផ្ទុយ​ទៅ​វិញ បងប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ទេវតា*​រាប់​លាន​រាប់​កោដិ និង​មាន​ក្រុម‌ជំនុំ​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បងប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ បងប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។