ហេប្រឺ 10:1-10

ហេប្រឺ 10:1-10 គខប

ក្រឹត្យ‌វិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ក្រឹត្យ‌វិន័យ​ពុំ​អាច​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការ‌បូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​នេះ​បាន​បរិសុទ្ធ​ម្ដង ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញ‌បូជា​ទៀត​ដែរ។ ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំឭក​ពី​អំពើ​បាប ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​ឡើយ។ ហេតុ​នេះ នៅ​ពេល​ដែល​ព្រះ‌គ្រិស្ត​យាង​ចូល​មក​ក្នុង​ពិភព​លោក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌ជាម្ចាស់​ថា៖ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេ តែ​ព្រះអង្គ​បាន​ធ្វើ​រូប​កាយ​មួយ​ឲ្យ​ទូលបង្គំ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ ដូច្នេះ ទូលបង្គំ​ពោល​ថា: បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ» ។ ជា​បឋម ព្រះ‌គ្រិស្ត​មាន​ព្រះ‌បន្ទូល​ថា «ព្រះអង្គ​មិន​ចង់​បាន ហើយ​ព្រះអង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ»។ ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។ ព្រះ‌យេស៊ូ​គ្រិស្ត​ថ្វាយ​ព្រះ‌កាយ​របស់​ព្រះអង្គ​ម្ដង​ជា​សូរេច តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រោស​យើង​ឲ្យ​វិសុទ្ធ។