ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្ដាលឲ្យអ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ! កាដត្រូវកងទ័ពមួយមកវាយសម្រុក តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។ អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស កូននឹងធ្វើព្រះស្ងោយថ្វាយព្រះមហាក្សត្រ។ ណែបថាលីប្រៀបបាននឹងសត្វក្ដាន់ញី ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។ យ៉ូសែបប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ ខ្មាំងសត្រូវនាំគ្នារករឿងយ៉ូសែប គេបាញ់ព្រួញមកលើយ៉ូសែប ប៉ុន្តែ ធ្នូរបស់យ៉ូសែបមានប្រៀបជាង យ៉ូសែបនៅតែខ្លាំងពូកែជានិច្ច។ សូមឫទ្ធានុភាពនៃព្រះរបស់យ៉ាកុប ដែលគ្មាននរណាអាចយកជ័យជម្នះបាន សូមព្រះអង្គដែលជាគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រាអែល សូមព្រះរបស់ពុកជួយទំនុកបម្រុងកូន សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។ សូមឲ្យពរដែលពុកផ្ដល់ដល់កូននេះ បានប្រសើរលើសពរដូនតារបស់ពុក និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចទៅទៀត។ សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែប គឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះអង្គ បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន ដើម្បីឲ្យបម្រើព្រះអង្គ។ បេនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក និងយករំពាមកចែកគ្នានៅពេលល្ងាច»។ លោកទាំងនោះជាកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ាកុបបានផ្ដែផ្ដាំដូច្នេះ នៅពេលលោកឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។ បន្ទាប់មក លោកយ៉ាកុបផ្ដែផ្ដាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងគុហា ដែលនៅក្នុងចម្ការរបស់លោកអេប្រូនជាជនជាតិហេត គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកតាអប្រាហាំបានទិញពីលោកអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ នៅទីនោះ គេបានបញ្ចុះសពលោកតាអប្រាហាំ និងលោកយាយសារ៉ា ជាភរិយា លោកតាអ៊ីសាក និងលោកយាយរេបិកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ លោកតាអប្រាហាំបានទិញចម្ការ ព្រមទាំងគុហាដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។ លោកយ៉ាកុបបានផ្ដែផ្ដាំកូនៗចប់សព្វគ្រប់ហើយ លោកលើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់លោក។
អាន លោកុប្បត្តិ 49
ស្ដាប់នូវ លោកុប្បត្តិ 49
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 49:16-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ