លោកុប្បត្តិ 44:19-34

លោកុប្បត្តិ 44:19-34 គខប

លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ថា “អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ” យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់”។ លោក​ម្ចាស់​បាន​ប្រាប់​យើង​ខ្ញុំ​ថា “ចូរ​នាំ​វា​មក​ឲ្យ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!”។ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណ‌ភាព​មិន​ខាន”។ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា “បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ”។ ពេល​យើង​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ យើង​ខ្ញុំ​បាន​យក​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​រៀប​រាប់​ជម្រាប​គាត់។ ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។ យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។ ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។ ម្នាក់​បាន​ចាក​ចេញ​ពី​ពុក​ទៅ​ហើយ ប្រហែល​មាន​សត្វ​ព្រៃ​មក​ហែក​វា​ស៊ី បាន​ជា​ពុក​លែង​ឃើញ​វា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ឥឡូវ​នេះ កូនៗ​ចង់​យក​អា​ពៅ​ទៅ​ទៀត! ប្រសិន​បើ​វា​ជួប​នឹង​គ្រោះ​ថ្នាក់​អ្វី​មួយ​នោះ កូនៗ​មុខ​ជា​ធ្វើ​ឲ្យ​ពុក​ដែល​ចាស់​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​វេទនា​មិន​ខាន”។ ដូច្នេះ បើ​ខ្ញុំ​ប្របាទ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស​ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​ឲ្យ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ខ្ញុំ​ប្របាទ​ផ្ទាល់​បាន​ធានា​រ៉ាប់‌រង​ជូន​ឪពុក​ខ្ញុំ​ប្របាទ​ថា “បើ​កូន​មិន​នាំ​ប្អូន​ត្រឡប់​មក​ជួប​លោក​ឪពុក​វិញ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត!”។ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។ ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។