ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។ ព្រះចៅផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា “សាប់ណាត់ផានា” ហើយស្ដេចដណ្ដឹងនាងអាសណាត់ ដែលត្រូវជាកូនស្រីរបស់លោកប៉ូទីផេរ៉ា ជាបូជាចារ្យនៅក្រុងអូន មកឲ្យលោកធ្វើជាភរិយា។ ពេលនោះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។ ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូណ៌។ ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ លោកយ៉ូសែបប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលជាភោគផលតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ លោកយ៉ូសែបប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់ឡើយ។ នៅឆ្នាំមុនកើតទុរ្ភិក្ស លោកស្រីអាសណាត់ជាកូនរបស់លោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតកូនប្រុសពីរជូនលោកយ៉ូសែប។ លោកយ៉ូសែបដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតលោកពោលថា “ព្រះជាម្ចាស់បានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្ដានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ លុះស្រុកអេស៊ីបបានសម្បូណ៌ហូរហៀរគម្រប់ប្រាំពីរឆ្នាំហើយ ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្ដើមកើតមាន ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូលមានអាហារបរិភោគគ្រប់គ្រាន់។ ក្រោយមក ប្រជាជននៅស្រុកអេស៊ីបចាប់ផ្ដើមខ្វះខាត គេក៏នាំគ្នាទាមទារសុំស្បៀងអាហារពីព្រះចៅផារ៉ោន ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យលោកចុះ»។ ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ លោកយ៉ូសែបបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗក្នុងស្រុកអេស៊ីប។ មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីលោកយ៉ូសែប ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។
អាន លោកុប្បត្តិ 41
ស្ដាប់នូវ លោកុប្បត្តិ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 41:41-57
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ