លោកុប្បត្តិ 41:41-57

លោកុប្បត្តិ 41:41-57 គខប

ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។ ពេល​នោះ ព្រះចៅ​ផារ៉ោន​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ព្រះអង្គ ពាក់​ឲ្យ​លោក​យ៉ូសែប ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​លោក និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​លោក​ថែម​ទៀត​ផង រួច​ឲ្យ​លោក​ឡើង​ជិះ​រាជ‌រថ ដែល​នៅ​បន្ទាប់​ពី​ព្រះអង្គ ហើយ​ឲ្យ​គេ​រត់​ពី​មុខ​លោក ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ ថ្វាយ‌បង្គំ!»។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​យ៉ូសែប​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​របៀប​នេះ​ឯង។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ព្រះចៅ​ផារ៉ោន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ជា​មុន​នោះ​ឡើយ»។ ព្រះចៅ​ផារ៉ោន​ប្រទាន​នាម​ឲ្យ​លោក​យ៉ូសែប​ថា “សាប់‌ណាត់‌ផានា” ហើយ​ស្ដេច​ដណ្ដឹង​នាង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ប៉ូទី‌ផេរ៉ា ជា​បូជា‌ចារ្យ​នៅ​ក្រុង​អូន មក​ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​យ៉ូសែប​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។ កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។ លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។ នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស លោក​ស្រី​អាស‌ណាត់​ជា​កូន​របស់​លោក​ប៉ូទី‌ផេរ៉ា បូជា‌ចារ្យ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ជូន​លោក​យ៉ូសែប។ លោក​យ៉ូសែប​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ា‌ណាសេ” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។ លោក​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រាអ៊ីម” ដ្បិត​លោក​ពោល​ថា “ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។ លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរ‌ហៀរ​គម្រប់​ប្រាំ‌ពីរ​ឆ្នាំ​ហើយ ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ​ក៏​ចាប់​ផ្ដើម​កើត​មាន ដូច​លោក​យ៉ូសែប​មាន​ប្រសាសន៍​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្ដើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម‌ទារ​សុំ​ស្បៀង​អាហារ​ពី​ព្រះចៅ​ផារ៉ោន ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​លោក​យ៉ូសែប បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ ពេល​នោះ ទុរ្ភិក្ស​បាន​រាល‌ដាល​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ លោក​យ៉ូសែប​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នានា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ​ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប។ មនុស្ស‌ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​លោក​យ៉ូសែប ដ្បិត​ទុរ្ភិក្ស​រាល‌ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ