ព្រះចៅផារ៉ោនសព្វព្រះហឫទ័យនឹងពាក្យរបស់លោកយ៉ូសែប ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយ ដូចលោកនេះឡើយ»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ព្រះជាម្ចាស់បានបង្ហាញឲ្យលោកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចលោកទេ។ ដូច្នេះ យើងសុំតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់លោក។ មានតែព្រះរាជបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងលោក»។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «ឥឡូវនេះ យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ ពេលនោះ ព្រះចៅផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តព្រះអង្គ ពាក់ឲ្យលោកយ៉ូសែប ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យលោក និងយកខ្សែកមាសមួយខ្សែពាក់ឲ្យលោកថែមទៀតផង រួចឲ្យលោកឡើងជិះរាជរថ ដែលនៅបន្ទាប់ពីព្រះអង្គ ហើយឲ្យគេរត់ពីមុខលោក ទាំងស្រែកថា៖ «ក្រាបចុះ ថ្វាយបង្គំ!»។ ព្រះចៅផារ៉ោនបានតែងតាំងលោកយ៉ូសែបឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលរបៀបនេះឯង។ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបទៀតថា៖ «យើងជាព្រះចៅផារ៉ោន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីលោកជាមុននោះឡើយ»។
អាន លោកុប្បត្តិ 41
ស្ដាប់នូវ លោកុប្បត្តិ 41
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 41:37-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ