លោកុប្បត្តិ 41:1-40

លោកុប្បត្តិ 41:1-40 គខប

ពីរ​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ផារ៉ោន​សុបិន​ដូច​ត​ទៅ គឺ​ឃើញ​ព្រះអង្គ​ឈរ​នៅ​មាត់​ទន្លេ​នីល។ មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។ គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។ បន្ទាប់​មក ស្ដេច​ផ្ទំ​លក់​សា​ជា​ថ្មី ហើយ​ទ្រង់​សុបិន​ម្ដង​ទៀត។ ស្ដេច​សុបិន​ឃើញ​ស្រូវ​ប្រាំ‌ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ធំៗ ដែល​មាន​គ្រាប់​ពេញ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង ហើយ​យល់​ថា នេះ​ជា​សុបិន​និមិត្ត។ ព្រឹក​ឡើង​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្ដេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​តំណាល​អំពី​សុបិន​របស់​ស្ដេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ​ថ្វាយ​ព្រះចៅ​ផារ៉ោន​បាន​ឡើយ។ ពេល​នោះ មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា បាន​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូលបង្គំ​សូម​សារ​ភាព​កំហុស​មួយ។ កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​បញ្ជា​ឲ្យ​គេ​យក​ទូលបង្គំ ព្រម​ទាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ទៅ​ឃុំ‌ឃាំង​ក្នុង​ពន្ធ‌នាគារ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ។ ទូលបង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។ ក្នុង​ពន្ធ‌នាគារ​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ ទូលបង្គំ​ទាំង​ពីរ​បាន​តំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ទូលបង្គំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។ ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្ដេច​ឲ្យ​គេ​ព្យួរ-ក មហា‌តលិក​ម្នាក់​ទៀត»។ ព្រះចៅ​ផារ៉ោន​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធ‌នាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​លោក ហើយ​លោក​ផ្លាស់​សម្លៀក‌បំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។ លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «មិន​មែន​ទូលបង្គំ​ទេ​ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌ករុណា​បាន»។ ពេល​នោះ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។ ពេល​នោះ មាន​គោ​ញី​ធាត់ៗ​ល្អ​ប្រាំ‌ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។ គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។ ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ បន្ទាប់​មក យើង​យល់​សុបិន​ម្ដង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ ហើយ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។ លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​កិច្ចការ ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ។ គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ‌ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។ គោ​ញី​ប្រាំ‌ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ឡើង​មក​តាម​ក្រោយ​នោះ មាន​ន័យ​ថា​ប្រាំ‌ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ។ បពិត្រ​ព្រះចៅ​ផារ៉ោន ទូលបង្គំ​ទើប​នឹង​ទូល​ព្រះ‌ករុណា​ស្រាប់​ហើយ ថា​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ គឺ​ក្នុង​អំឡុង​ប្រាំ‌ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល​នឹង​មាន​ភោគ‌ផល​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ ប្រាំ‌ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​ឲ្យ​ប្រជា‌ជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគ‌ផល​សម្បូណ៌​ហូរ‌ហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិន‌បង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។ ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។ ព្រះ‌ករុណា​ទ្រង់​សុបិន​ដល់​ទៅ​ពីរ​ដង​ដូច្នេះ បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ​រួច​ស្រេច​ហើយ ហើយ​ព្រះអង្គ​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប។ សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។ មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ‌ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​សម្បូណ៌​ហូរ‌ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌ករុណា​ផ្ទាល់។ ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។ ព្រះចៅ​ផារ៉ោន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ​ដូច​លោក​ទេ។ ដូច្នេះ យើង​សុំ​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ