លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។
អាន លោកុប្បត្តិ 37
ស្ដាប់នូវ លោកុប្បត្តិ 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 37:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ